បរទេស៖ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោនបានស្ទាក់ចាប់ និងផ្ទេរទៅកាន់ទីក្រុងគៀវ នូវកាំភ្លើងវែងប្រភេទ Kalashnikov និងកាំភ្លើងយន្តរាប់ពាន់ដើម ដោយមានគ្រាប់រំសេវជាងកន្លះលានគ្រាប់ ក៏ដូចជាគ្រាប់ផ្លោងគ្រាប់បែកដៃ និងកាំភ្លើងវែង sniper ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា CENTCOM នៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) បាននិយាយថា ការផ្ទេរនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ហើយរួមបញ្ចូល “សម្ភារៈគ្រប់គ្រាន់” ដើម្បីបំពាក់កងពលតូចអ៊ុយក្រែនតែមួយជាមួយនឹងអាវុធធុនតូច។
CENTCOM បានសរសេរថា “រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ទេរកាំភ្លើង AK-47 ជាង ៥.០០០ ដើម, កាំភ្លើងយន្ត, កាំភ្លើងវែង RPG-7 និងគ្រាប់ទំហំ ៧.៦២មីលីម៉ែត្រជាង ៥០០.០០០ គ្រាប់ ទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន”។
ចំណែកមន្ទីរបញ្ចកោណបានអះអាងថា កាំភ្លើង និងគ្រាប់រំសេវ ដែលបញ្ជូនពីអ៊ីរ៉ង់ទៅកាន់កងជីវពលហួធី ក្នុងប្រទេសយេម៉ែន ដោយរំលោភលើការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិ នៅពេលដែលអាវុធទាំងនោះត្រូវបានរឹបអូសដោយកងទ័ពជើងទឹកអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនពី “នាវាគ្មានសម្គាល់រដ្ឋឆ្លងកាត់” ជាច្រើននៅឆ្នេរសមុទ្រ នៃប្រទេសយេម៉ែន នៅចន្លោះខែឧសភា ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២៣៕ ប្រែសម្រួលៈ ណៃ តុលា