ព័ត៌មានអន្តរជាតិ

Update៖ រដ្ឋមន្ត្រីការបរទេសរបស់ក្រុម G7 ជំរុញឲ្យគ្រប់ភាគីទាំងអស់ទប់ស្កាត់ការ កើនឡើងជម្លោះនៅមជ្ឈិមបូព៌ា

រ៉ូម៖ រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសទាំង៧ ហៅកាត់ថា (G7) បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៅក្នុងជម្លោះនៅមជ្ឈិមបូព៌ា ធ្វើការទប់ស្កាត់កុំឲ្យមានការកើនឡើងជម្លោះបន្ថែមទៀត ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុង Capri ក្នុងប្រទេសអ៊ីតាលី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្លែងថា សហរដ្ឋអាមេរិក មិនពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទេ ដោយបន្ថែមថា ក្រុម G7 នៅតែសម្រេចចិត្តរួមគ្នាដើម្បីលុបបំបាត់វិបត្តិនេះ ។

លោក Blinked បានថ្លែងទៀតថា “យើងប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអ៊ែល ហើយយើងក៏ប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការកើនឡើងជម្លោះនេះដែរ” ។

លោកបានកត់សម្គាល់ឲ្យដឹងថា ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ក៏ដោយ ក៏ក្រុម G7 “ផ្តោតខ្លាំង” លើជម្លោះនៅតំបន់ហ្គាហ្សា ។

នៅក្នុងឯកសារចុងក្រោយរបស់ពួកគេ រដ្ឋមន្ត្រីក្រុម G7 បានសន្យាថា នឹងមានការប្តេជ្ញាចិត្តចំពោះ “សន្តិភាពប្រកបដោយនិរន្តរភាពដោយផ្អែកលើដំណោះស្រាយរដ្ឋ២ និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ” ។

ក្រុម G7 បានជំរុញថា “ភាគីទាំងអស់ត្រូវតែបដិសេធពីសកម្មភាពឯកតោភាគីដែលធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុកនៃដំណោះស្រាយរដ្ឋ២” ។

បើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សាបានឲ្យដឹងថា គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពលរដ្ឋប៉ាឡេស្ទីនជិត៣៤.០០០នាក់ត្រូវបានសម្លាប់ និងជាង៧៦.០០០នាក់ផ្សេងទៀតបានរងរបួសដោយការវាយប្រហាររបស់អ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សាស្ទ្រីប ។

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ (UNICEF) បានឲ្យដឹងថា ចំនួនអ្នកស្លាប់បូករួមទាំងកុមារប៉ាឡេស្ទីនយ៉ាងតិចបំផុតមានចំនួន១៣.៨០០នាក់ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top