បាងកក៖ ទីភ្នាក់ងារព័ត៌មានផ្លូវការថៃ (TNA) បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បានប្រកាសលាលែង ពីមុខតំណែងជារដ្ឋមន្ត្រីការបរទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានថៃ (TNA) ដោយដកស្រង់លិខិតលាលែង ពីតំណែង ដែលបានផ្ញើជូននាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន។
ការលាលែងនេះ ធ្វើឡើង នៅពេលដែលលោក Parnpree ត្រូវបានដកចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការរុះរើសមាជិក គណៈរដ្ឋមន្ត្រីជាច្រើននាក់ នៅក្នុងរដ្ឋាភិបាលលោក ស្រេតថា ដូចដែលបានអនុម័តនៅក្នុង Royal Gazette កាលពីថ្ងៃអាទិត្យ។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃតំណែងឧបនាយករដ្ឋមន្ត្រី សម្រាប់គោលនយោបាយការបរទេស របស់ប្រទេសថៃ លោក Parnpree បានប្រាប់ TNA ថា ប្រសិនបើគ្មានតួនាទីពីរទេនោះ សមត្ថភាពរបស់លោក ក្នុងការជំរុញផលប្រយោជន៍ គោលនយោបាយ ការបរទេសរបស់ថៃ ប្រកបដោយប្រសិទ្ធភាព អាចនឹងត្រូវបានរារាំង។
លោកត្រូវបានគេដកស្រង់សម្ដីថា ជាទម្លាប់ រដ្ឋមន្ត្រីការបរទេសថៃ កាន់តំណែងឧបនាយករដ្ឋមន្ត្រី ដោយលើកកម្ពស់ឋានៈរបស់ពួកគេ និងជួយសម្រួលដល់ការចរចាឲ្យកាន់តែរលូន ក្នុងពេលមានការចូលរួមនៅបរទេស ៕
ប្រែសម្រួល ឈូក បូរ៉ា