បរទេស ៖ កងទ័ពអាកាសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងផលិត “យន្តហោះថ្មីមួយ សម្រាប់ថ្ងៃវិនាស” ដែលមានបំណង អនុញ្ញាតឱ្យប្រធានាធិបតី បន្តដឹកនាំប្រទេស ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរ ឬគ្រោះមហន្តរាយធំផ្សេងទៀត ដែលបំផ្លាញមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងនៅលើដី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចសន្យាតម្លៃ ១៣ ពាន់លានដុល្លារសម្រាប់គម្រោង Survivable Airborne Operations Center (SAOC) ត្រូវបានផ្តល់ទៅឱ្យក្រុមហ៊ុន Sierra Nevada Corp។ នេះបើតាមអ្នកនាំពាក្យ របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រ។

សេចក្តីថ្លែងការណ៍បានអានថា ការងារលើបញ្ជាការយុទ្ធសាស្ត្រថ្មី និងយន្តហោះយោធាគ្រប់គ្រង គឺនឹងត្រូវធ្វើឡើងនៅឯកន្លែងរបស់ក្រុមហ៊ុនក្នុងរដ្ឋ Colorado, Nevada និង រដ្ឋ Ohio ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា ថ្ងៃផុតកំណត់សម្រាប់គម្រោងនេះគឺនៅឆ្នាំ២០៣៦ ។
យោងតាមអ្នកនាំពាក្យ គឺ SAOC នឹងផ្អែកលើយន្តហោះចម្លងពាណិជ្ជកម្ម ដែលនឹងត្រូវពង្រឹង និងកែប្រែដើម្បីបំពេញតាមស្តង់ដាររបស់មន្ទីរបញ្ចកោណ។
សេចក្តីថ្លែងការណ៍បានអានទៀតថា “ការអភិវឌ្ឍន៍ប្រព័ន្ធអាវុធ សន្តិសុខជាតិដ៏សំខាន់នេះធានានូវសមត្ថភាពបញ្ជា ការគ្រប់គ្រង និងទំនាក់ទំនងនុយក្លេអែរ របស់នាយកដ្ឋានគឺពាក់ព័ន្ធ និងមានសុវត្ថិភាព សម្រាប់ទសវត្សរ៍ខាងមុខ” ។
SAOC មានបំណងប្រែក្លាយ ជាយន្តហោះជំនួសយន្តហោះ E-4B Nightwatch ដ៏ចាស់ ឬមជ្ឈមណ្ឌលប្រតិបត្តិការលើអាកាសជាតិ ដែលកងទ័ពអាកាសអាមេរិក កំពុងប្រើប្រាស់នៅពេលនេះ។
យន្តហោះ E-4Bs ដែលផលិត ដោយផ្អែកលើយន្តហោះ Boeing 747 មានតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៧០ ។ យន្តហោះទាំងនេះ ត្រូវបានគេរំពឹងថា នឹងចូលនិវត្តន៍នៅដើមទសវត្សរ៍ឆ្នាំ ២០៣០ ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters វាបានក្លាយទៅជាការលំបាក កាន់តែខ្លាំងឡើងក្នុងការថែរក្សាយន្តហោះ ខណៈដែលគ្រឿង បន្លាស់សម្រាប់យន្តហោះទាំងនោះគេលែងប្រើ៕
ប្រែសម្រួលៈ ណៃ តុលា
