ព័ត៌មានអន្តរជាតិ

WHO ៖ មេរោគ Covid-19 បានសម្លាប់មនុស្សជិត ១៣ លាននាក់ ក្នុងរយៈពេល២ ឆ្នាំ

RT News

WHO ៖ យោងតាមរបាយការណ៍ថ្មីមួយ បានចេញផ្សាយ កាលពីថ្ងៃសុក្រដោយអង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា មនុស្សប្រមាណ ១៣ លាននាក់បានស្លាប់ ក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ខណៈការស្រាវជ្រាវ បានកត់សម្គាល់ថា មេរោគនេះបានក្លាយ ជាមូលហេតុនាំមុខគេ នៃការស្លាប់យ៉ាងឆាប់រហ័ស នៅអាមេរិក ។

ជំងឺនេះគឺជាមូលហេតុខ្ពស់បំផុតទី៣ នៃការស្លាប់ទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ហើយបានឡើង ដល់លំដាប់ទី២ក្នុងឆ្នាំ ២០២១ ។ Covid-19 ស្ថិតក្នុងចំណោមមូលហេតុកំពូលទាំង៥ នៃការស្លាប់នៅគ្រប់តំបន់ទាំងអស់ នៃពិភពលោក លើកលែងតែអាហ្វ្រិក និងប៉ាស៊ីហ្វិកខាងលិច។
យោងតាមអង្គការសុខភាព ពិភពលោកថា ជំងឺរាតត្បាតបានបំផ្លាញ វឌ្ឍនភាព ជិតមួយទសវត្សរ៍ ក្នុងការធ្វើឲ្យប្រសើរឡើង នូវអាយុសង្ឃឹមរស់ ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ។ របាយការណ៍បានគូសបញ្ជាក់ថា នៅចន្លោះឆ្នាំ ២០១៩ និង ២០២១ អាយុសង្ឃឹមរស់សកលបានធ្លាក់ចុះ ១.៨ ឆ្នាំ មកនៅត្រឹម៧១.៤ ជាកម្រិតដូចគ្នាកាលពីឆ្នាំ ២០១២ ស្រដៀងគ្នានេះដែរ អាយុសង្ឃឹមរស់មានសុខភាពល្អជាសាកលបានធ្លាក់ចុះនៅឆ្នាំ ២០២១ ត្រឡប់ទៅកម្រិត ២០១២ មាន ៦១.៩ ឆ្នាំ ។

របាយការណ៍ របស់អង្គការ សុខភាពពិភពលោកបាននិយាយថា ទ្វីបអាមេរិក និងអាស៊ីអាគ្នេយ៍ត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត ដោយអាយុសង្ឃឹម រស់នៅក្នុងតំបន់ធ្លាក់ចុះ ប្រហែល ៣ ឆ្នាំ និងអាយុសង្ឃឹមរស់ មានសុខភាពល្អ ២.៥ ឆ្នាំចន្លោះឆ្នាំ ២០១៩ និង២០២១ ។ ទន្ទឹមនឹងនោះ តំបន់ប៉ាស៊ីហ្វិកខាងលិចត្រូវបាន រងផលប៉ះពាល់តិចតួច ក្នុងអំឡុងពេល វាបាននិយាយថា ២ឆ្នាំដំបូងនៃជំងឺរាតត្បាត ។

អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា យើងត្រូវតែចងចាំថា តើការវិវឌ្ឍន៍ដ៏ផុយស្រួយ អាចទៅជាយ៉ាងណា ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ ជំងឺរាតត្បាត Covid-19 បានលុបបំបាត់ការកើនឡើងនៃអាយុសង្ឃឹមរស់មួយទសវត្សរ៍ ។
Covid-19 ចាប់ផ្តើមដំបូងនៅចុងឆ្នាំ ២០១៩ ហើយបានវិវត្តទៅជាជំងឺរាតត្បាតដ៏ធំបំផុតក្នុងរយៈពេលជិតមួយសតវត្សរ៍។ ទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet ពីមុនបានស្នើថាចំនួនអ្នកស្លាប់ ដែលទាក់ទងនឹង Covid អាចមានរហូតដល់ ១៨លាននាក់ ៕
ដោយ៖លី ភីលីព

Most Popular

To Top