ព័ត៌មានអន្តរជាតិ

អង្គការ NASA និងក្រុមហ៊ុន Boeing កំណត់គោលដៅរួមគ្នា ក្នុងការបាញ់បង្ហោះ បេសកកម្មដំបូង បង្អស់ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ

Xinhua

ឡូសអ៊ែនជីឡេស ៖ រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក ហៅកាត់ថា (NASA) និងក្រុមហ៊ុន Boeing កំពុងកំណត់គោលដៅ កាលពីថ្ងៃសៅរ៍ សម្រាប់ការបាញ់បង្ហោះ បេសកកម្មដំបូងបង្អស់ របស់យានអវកាស Starliner ឆ្ពោះទៅកាន់ស្ថានីយអវកាស អន្តរជាតិ ហៅកាត់ថា (ISS) ។

នៅក្នុងអំឡុងពេលត្រួតពិនិត្យ ការត្រៀមខ្លួនសាកល្បងជើងហោះហើរ កាលពីថ្ងៃពុធនៅឯមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA ក្នុងរដ្ឋផ្លរីដា មេដឹកនាំមកពីអង្គការ NASA និងក្រុមហ៊ុន Boeing និង អង្គភាពសម្ព័ន្ធបាញ់បង្ហោះហៅកាត់ (ULA) បានផ្ទៀងផ្ទាត់ការត្រៀមខ្លួនសម្រាប់ការបាញ់បង្ហោះ រួមទាំងប្រព័ន្ធទាំងអស់ គ្រឿងបរិក្ខារ និងក្រុមដែលគាំទ្រ ការហោះហើរសាកល្បងនេះ ។

យានអវកាស Starliner នឹងបាញ់បង្ហោះដោយប្រើគ្រាប់រ៉ុក្កែត ULA Atlas V ចេញពីស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ក្នុងរដ្ឋផ្លរីដា ។

ការធ្វើតេស្តហោះហើរនឹងបញ្ជូនអ្នកអវកាសរបស់អង្គការ NASA Butch Wilmore និង Suni Williams ទៅកាន់ស្ថានីយ ISS ហើយអ្នកទាំង២គឺជាមនុស្សដំបូងគេដែលបានបង្ហោះយាន Starliner របស់ក្រុមហ៊ុន Boeing ទៅកាន់ស្ថានីយអវកាស ដែលជាផ្នែកមួយនៃកម្មវិធី Commercial Crew របស់ទីភ្នាក់ងារនេះ ។

អង្គការ NASA បានបញ្ជាក់យ៉ាងដូច្នេះថា អវកាសយានិកនឹងចំណាយ ពេលប្រហែល១សប្តាហ៍ នៅមន្ទីរពិសោធន៍នៅគន្លងគោចរ មុនពេលវិលត្រឡប់មកផែនដីវិញ ។

គួរបញ្ជាក់ថា យានអវកាសនេះ កាលពីមុនគ្រោង នឹងបាញ់បង្ហោះនៅថ្ងៃទី៦ ខែឧសភា ប៉ុន្តែការប៉ុនប៉ងបាញ់បង្ហោះត្រូវបាន លុបចោលដោយសារតែបញ្ហាបច្ចេកទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top