WHO ៖ អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា គ្រឿងស្រវឹង បានសម្លាប់មនុស្សជិត៣ លាននាក់ជារៀងរាល់ឆ្នាំ ចំពោះអត្រាមរណភាព បានធ្លាក់ចុះបន្តិចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែអត្រាមរណភាព នៅតែខ្ពស់មិនអាចទទួលយកបានឡើយ ។
របាយការណ៍ ចុងក្រោយ របស់ទីភ្នាក់ងារសុខភាព របស់អង្គការសហប្រជាជាតិ ស្តីពីគ្រឿងស្រវឹង និងសុខភាពបាននិយាយថា គ្រឿងស្រវឹង បណ្តាលឲ្យមនុស្សជិតម្នាក់ ក្នុងចំណោមមនុស្សស្លាប់ ចំនួន ២០ នាក់ នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ តាមរយៈការបើកបរក្នុងគ្រឿងស្រវឹង អំពើហិង្សា និងការរំលោភបំពានបណ្ដាលមកពីគ្រឿងស្រវឹង និងជំងឺជាច្រើន ព្រមទំាងភាពមិនប្រក្រតី ។
របាយការណ៍បាននិយាយថា ការស្លាប់ចំនួន ២.៦ លាននាក់ ត្រូវបានសន្មតថា មកពីការប្រើប្រាស់គ្រឿងស្រវឹងកាលឆ្នាំ ២០១៩ ជាស្ថិតិចុងក្រោយបង្អស់ ដែលមានចំនួន ៤.៧ភាគរយ នៃការស្លាប់ទាំងអស់នៅទូទាំងពិភពលោកក្នុងឆ្នាំនោះ ។ មនុស្សជិត ៣ ភាគ ៤ នៃអ្នកស្លាប់ទាំងនោះជាបុរស ។
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ការប្រើប្រាស់សារធាតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពបុគ្គល បង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ ស្ថានភាពសុខភាពផ្លូវចិត្ត និងជាសោកនាដកម្ម ដែលបណ្តាលឲ្យមានអ្នកស្លាប់ រាប់លាននាក់ក្នុងមួយឆ្នាំៗ ។
លោកបានចង្អុលបង្ហាញថា មានការកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងគ្រោះថ្នាក់ទាក់ទង គ្នានៅទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ២០១០។
លោកបានបន្តទៀតថា បន្ទុកសុខភាព និងសង្គម ដោយសារការប្រើប្រាស់គ្រឿងស្រវឹង នៅតែខ្ពស់មិនអាចទទួលយកបាន ដោយបានគូសបញ្ជាក់ថា មនុស្សវ័យក្មេងត្រូវបានរងផលប៉ះពាល់មិនសមាមាត្រ ។
WHO បាននិយាយថា សមាមាត្រខ្ពស់បំផុតនៃការស្លាប់ដោយសារគ្រឿងស្រវឹងក្នុងឆ្នាំ ២០១៩ មាន១៣ភាគរយក្នុងចំណោមមនុស្សមានអាយុពី ២០ ទៅ ៣៩ ឆ្នាំ។ ការផឹកស្រាត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពសុខភាពមួយចំនួន រួមទាំងជំងឺក្រិនថ្លើម និងមហារីកមួយចំនួន។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់ដែលវាបង្កឡើងក្នុងឆ្នាំ ២០១៩ របាយការណ៍បានរកឃើញថាមនុស្សប្រមាណ ១.៦ លាននាក់មកពីជំងឺមិនឆ្លង ក្នុងនោះ ៤៧៤,០០០ នាក់មានជំងឺសរសៃឈាមបេះដូង ៤០១,០០០ នាក់មានជំងឺមហារីក និង ៧២៤,០០០ នាក់ការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់ខ្លួនឯង។
របាយការណ៍បានរកឃើញថា ការប្រើគ្រឿងស្រវឹងក៏ធ្វើឲ្យមនុស្សងាយនឹងឆ្លងជំងឺដូចជាជំងឺរបេង មេរោគអេដស៍ និងជំងឺរលាកសួត។ តាមការប៉ាន់ប្រមាណមនុស្ស ២០៩ លាននាក់បានរស់នៅជាមួយនឹងការញៀនស្រាក្នុងឆ្នាំ ២០១៩ ពោលគឺ ៣.៧ភាករយនៃចំនួនប្រជាជនពិភពលោក៕
ដោយ៖លី ភីលីព