បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃចន្ទថា អង្គការណាតូគឺជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក ដោយសារតែ “ចិត្តគំនិតសង្គ្រាមត្រជាក់ដែលមានឫសគល់យ៉ាងជ្រៅ និងការលំអៀងខាងមនោគមវិជ្ជា”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lin ត្រូវបានសាកសួរដោយសារព័ត៌មាន Bloomberg នៅឯសន្និសីទសង្ខេបប្រចាំថ្ងៃដើម្បីអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗដែលថា ប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក (អង្គការ) គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ប្រទេសនូវែលសេឡង់ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ។
អ្នកនាំពាក្យរូបនេះបានឆ្លើយតបដោយបញ្ជាក់ថា អង្គការណាតូ គឺជា “ផលិតផលនៃសង្គ្រាមត្រជាក់ និងជាសម្ព័ន្ធមិត្តយោធាដ៏ធំបំផុតរបស់ពិភពលោក” ។ លោក Lin បានបន្ថែមថា ទោះបីជាអះអាងថា ជាអង្គការដើម្បីការពារក្នុងតំបន់ក៏ដោយ ក៏ប្លុកនេះបានបន្ត “ពង្រីកអំណាចរបស់ខ្លួនឆ្លងព្រំដែន ទម្លុះតំបន់ការពារ និងបង្កការប្រឈមមុខដាក់គ្នា”។
សកម្មភាពទាំងនេះ បើយោងតាមអ្នកនាំពាក្យចិន គឺ បង្ហាញពី “ចិត្តគំនិតសង្រ្គាមត្រជាក់ ដែលបានចាក់ឫសយ៉ាងជ្រៅ និងភាពលំអៀងខាងមនោគមវិជ្ជា របស់អង្គការណាតូ ដែលជាប្រភពពិតនៃហានិភ័យ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក”។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ណាតូគួរតែគោរពតាមការកំណត់ទីតាំងរបស់អង្គការក្នុងតំបន់ និងការពាររបស់ខ្លួន បញ្ឈប់ការបង្កើតភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការគិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នាក្នុងជំរុំ ហើយឈប់ធ្វើឱ្យអឺរ៉ុបរញ៉េរញ៉ៃ និងព្យាយាមធ្វើឱ្យអាស៊ីប៉ាស៊ីហ្វិករញ៉េរញ៉ៃ”។
ការអត្ថាធិប្បាយរបស់លោក Lin ធ្វើឡើងនៅពេលដែល អង្គការណាតូ ជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្កើតទំនាក់ទំនង ជាមួយបណ្តាប្រទេសនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ក្នុងពេលជាមួយគ្នានេះ ដោយអះអាងថា ខ្លួនមិនស្វែងរកការពង្រីកជាផ្លូវការចូលទៅក្នុងតំបន់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា