ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសន្យាថា ប្រទេសរបស់លោកនឹងផ្តល់ជំនួយហិរញ្ញវត្ថុប្រហែល ៥០ពាន់លានដុល្លារដល់ទ្វីបអាហ្រ្វិកក្នុងរយៈពេល ៣ឆ្នាំខាងមុខ ហើយរួមគ្នាបន្តធ្វើទំនើបកម្មនៃប្រទេសកំពុងអភិវឌ្ឍន៍ និងកំពុងរីកចម្រើនដែលត្រូវបានគេហៅថាជាសកលខាងត្បូង (Global South)។
នៅក្នុងសុន្ទរកថាសំខាន់របស់លោកនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលចិន-អាហ្វ្រិក នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង លោក ស៊ី បានស្នើឱ្យបង្កើនទំនាក់ទំនងរវាងប្រទេសចិន និងប្រជាជាតិអាហ្រ្វិកទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយមហាអំណាចអាស៊ីទៅជាយុទ្ធសាស្ត្រ និងកសាង “សហគមន៍ ជាមួយនឹងអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី” ។
នៅក្នុងកិច្ចប្រជុំកំពូលមុននៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកក្នុងឆ្នាំ២០១៨ មេដឹកនាំចិន បានប្តេជ្ញាថា នឹងពង្រីកការផ្តល់ហិរញ្ញប្បទានចំនួន ៦០ពាន់លានដុល្លារដល់ទ្វីបអាហ្វ្រិក។
ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ប្រទេសចិនមានបំណងចង់លើកកម្ពស់ការរួបរួមជាមួយប្រជាជាតិអាហ្វ្រិក និងប្រទេសដទៃទៀតនៅក្នុងសកលលោកខាងត្បូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើតស្ថាប័នជំនួសសម្រាប់អភិបាលកិច្ចសកលចំពោះអ្នកដែលដឹកនាំដោយលោកខាងលិច។
អ្នកចូលរួមនៃវេទិការយៈពេល ៣ថ្ងៃដែលដំណើរការរហូតដល់ថ្ងៃសុក្រ និងពាក់ព័ន្ធនឹងប្រទេសចិន និងប្រទេសសមាជិកអាហ្វ្រិកចំនួន ៥៣ បានអនុម័តសេចក្តីប្រកាសទីក្រុងប៉េកាំង និងផែនការសកម្មភាព ដែលកំណត់វិធានការជាក់ស្តែង សម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងភាគីទាំងពីរ។
ពួកគេបានយល់ព្រមលើកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំតាមរយៈកម្មវិធីហេដ្ឋារចនាសម្ព័ន្ធពិភពលោក Belt and Road ហត្ថលេខីរបស់លោក ស៊ី និងនៅក្នុងតំបន់សន្តិសុខ ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕
ប្រែសម្រួល ឈូក បូរ៉ា