បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានទៅទស្សនាការដ្ឋានសាងសង់ មូលដ្ឋានទ័ពជើងទឹកទំនើប ថ្មីមួយ ហើយបានសន្យាថានឹងអភិវឌ្ឍកងកម្លាំងដែនសមុទ្ររបស់ប្រទេសនេះបន្ថែមទៀត។
ប្រភពនេះបានឲ្យដឹងទៀតថាលោកគីមបានបញ្ជាក់ទៀតថា ទីតាំងរោងចក្រថ្មីនេះនឹងផ្តល់ឱ្យក្រុងព្យុងយ៉ាងនូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ។
កាលពីចុងឆ្នាំមុន លោក គីម បានបញ្ជាឱ្យឧស្សាហកម្មផលិតអាវុធ និងយោធារបស់ប្រទេសកូរ៉េខាងជើង បង្កើនល្បឿននៃការរៀបចំសង្រ្គាមបន្ថែមទៀត ចំពោះមុខអ្វីដែលលោកចាត់ទុកថាជាទង្វើមិនធ្លាប់មានពីមុនមក នៃការប្រឈមមុខដាក់គ្នាប្រឆាំងនឹងប្រទេសដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់។
ចាប់តាំងពីពេលនោះមក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបង្កើនការសាកល្បងមីស៊ីល ហើយថែមទាំងបានដាក់បង្ហាញនូវឧបករណ៍បាញ់គ្រាប់រ៉ុក្កែតច្រើនប្រភេទ និងយន្តហោះដ្រូន kamikaze ក្នុងចំណោមអាវុធផ្សេងៗទៀតផងដែរ។
កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារព័ត៌មានរដ្ឋកណ្តាលកូរ៉េ ហៅកាត់ថាKCNA បានរាយការណ៍អំពីការត្រួតពិនិត្យរបស់លោកគីមទៅលើការដ្ឋានសាងសង់កំពង់ផែមួយនេះ។
ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីមេដឹកនាំរបស់ប្រទេសនេះថាបានលើកឡើងពីការអភិវឌ្ឍន៍នៃកងទ័ពជើងទឹកទំនើបជាអាទិភាពបន្ទាន់មួយ ដែលវានឹងអាចផ្តល់នូវ បរិយាកាសសន្តិសុខក្នុងតំបន់កាន់តែល្អជាងមុនុ៕
ប្រែសម្រួល៖ស៊ុនលី