បរទេស៖ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាមេរិកដែលបានព្យាយាមធ្វើឃាតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ គឺធ្លាប់បានទៅទីក្រុងគៀវ និងចង់ចូលរួមជាមួយអ៊ុយក្រែន ប៉ុន្តែត្រូវបានបដិសេធ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា Ryan Wesley Routh អាយុ ៥៨ ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យបន្ទាប់ពីសេវាសម្ងាត់អាមេរិកបានប្រទះឃើញគាត់នៅឯក្លឹបវាយកូនហ្គោលអន្តរជាតិ Trump នៅ West Palm Beach រដ្ឋ Florida ។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ និងសៀវភៅដែលបោះពុម្ពដោយខ្លួនឯងបានអះអាងថាមានការពាក់ព័ន្ធនឹងយោធាអ៊ុយក្រែន។
កាលពីថ្ងៃច័ន្ទ ទីបញ្ជាការកងកម្លាំងដែនដីអ៊ុយក្រែនបានបញ្ជាក់ប្រាប់ CNN ថា លោក Routh បានទាក់ទងជាមួយពួកគេ ប៉ុន្តែបានពិពណ៌នាគំនិតរបស់គាត់ថាជា “ការភ័ន្តច្រឡំ” ហើយបានបដិសេធថាមិនបានទទួលយកសេវាកម្មរបស់គាត់នៅពេលណាមួយឡើយ។
លោក Aleksandr Shaguri អ្នកនាំពាក្យយោធាអ៊ុយក្រែនបានប្រាប់ CNN ថា “Routh បានផ្តល់ឱ្យយើងនូវចំនួនច្រើននៃការជ្រើសរើសកម្លាំងពីប្រទេសផ្សេងៗគ្នាប៉ុន្តែវាច្បាស់ណាស់សម្រាប់ពួកយើងការផ្តល់ជូនរបស់គាត់មិនប្រាកដនិយម” ។ “យើងមិនបានឆ្លើយ ហើយក៏គ្មានអ្វីត្រូវឆ្លើយដែរ។ គាត់មិនដែលជាផ្នែកមួយនៃកងពល ហើយមិនសហការជាមួយយើងតាមវិធីណាមួយឡើយ»។
លោក Shaguri បានប្រាប់អ្នកសារព័ត៌មានថា មធ្យោបាយដ៏ល្អបំផុតដើម្បីពណ៌នាអំពីសាររបស់ Routh គឺ “គំនិតបំភាន់” ។
នៅរដូវក្តៅឆ្នាំ ២០២២ លោក Routh បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ហើយបានផ្តល់បទសម្ភាសន៍ជាច្រើនដល់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដោយបង្ហាញខ្លួនគាត់ជាអ្នកទំនាក់ទំនងជាមួយរដ្ឋាភិបាលក្នុងទីក្រុងគៀវ និងស្វែងរកការចុះឈ្មោះយុទ្ធជនគាំទ្រអាមេរិកពីអាហ្វហ្គានីស្ថានសម្រាប់បុព្វហេតុអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍បែបនេះ លោក Routh បានប្រាប់អ្នកកាសែត Newsweek Romania លោក Remus Cernea ថាគាត់កំពុងជ្រើសរើសមនុស្សសម្រាប់កងពលអន្តរជាតិនៃអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា