បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ទីក្រុងតេហេរ៉ង់ នឹងពិចារណាលើការដាក់ពង្រាយយោធាពេញលេញ ដើម្បីជួយស៊ីរី ប្រសិនបើរដ្ឋាភិបាលនៅទីក្រុង ដាម៉ាស ស្នើសុំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការអត្ថាធិប្បាយនេះបានកើតឡើងក្នុងអំឡុងពេលកិច្ចសម្ភាសន៍មួយដែលលោក Araghchi បានផ្តល់ទៅឱ្យសារព័ត៌មាន Al-Araby Al-Jadeed ដែលមានមូលដ្ឋាននៅប្រទេសកាតា ក្នុងដំណើរត្រឡប់មកវិញពីប្រទេស តួកគី នៅល្ងាចថ្ងៃចន្ទ។
លោក Araghchi ត្រូវបានដកស្រង់សម្ដីថា «ប្រសិនបើរដ្ឋាភិបាលស៊ីរីស្នើឲ្យអ៊ីរ៉ង់បញ្ជូនទាហានទៅស៊ីរី នោះ យើងនឹងពិចារណាលើសំណើនេះ»។ លោកបានបន្ថែមថា ទីក្រុងតេអេរ៉ង់កំពុងរៀបចំ “ជំហានជាបន្តបន្ទាប់ដើម្បីធ្វើឲ្យស្ថានការណ៍នៅស៊ីរីស្ងប់ស្ងាត់ និងស្វែងរកឱកាសមួយដើម្បីបង្ហាញគំនិតផ្តួចផ្តើមសម្រាប់ដំណោះស្រាយអចិន្ត្រៃយ៍”។
សូមជម្រាបថា ក្រុមសកម្មប្រយុទ្ធនៃសម្ព័ន្ធអាល់កៃដា Hayat Tahrir-al-Sham (HTS) និងក្រុមអ៊ីស្លាមនិយមផ្សេងទៀតបានបើកការវាយលុកទ្រង់ទ្រាយធំពីខេត្ត Idlib ឆ្ពោះទៅទីក្រុង អេឡេពប៉ូ, Hama និងទីក្រុង Homs កាលពីសប្តាហ៍មុន។ Idlib ស្ថិតនៅក្រោមការការពាររបស់តួកគីចាប់តាំងពីបទឈប់បាញ់ដែលបានចរចាជាមួយរុស្ស៊ីក្នុងឆ្នាំ ២០២០។
លោក Araghchi បានប្រាប់សារព័ត៌មានថា ការពង្រីកក្រុមភេរវករទាំងនេះ គឺ «អាចបង្កគ្រោះថ្នាក់ដល់ប្រទេសជិតខាងរបស់ស៊ីរី ដូចជាអ៊ីរ៉ាក់ ហ្ស៊កដានី និង តួកគី ច្រើនជាងអ៊ីរ៉ង់»៕
ប្រែសម្រួលៈ ណៃ តុលា