ចិន៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិម្នាក់រស់នៅភាគខាងត្បូង ប្រទេសចិនបានទាក់ទាញចំណាប់អារម្មណ៍ បន្ទាប់ពីលោកបង្ហាញពីរបៀបលោក ប្រមូលមាសតូចមានទម្ងន់ ១៩១.៧៣ ក្រាមមានតម្លៃជាង ២១០,០០០ យន់ (៣០,២២២ ដុល្លារអាមេរិក) ពីស៊ីមកាតត្រូវគេបោះចោល និងកាកសំណល់អេឡិចត្រូនិច ផ្សេងទៀត។
នេះបើយោងតាមកាសែត The Star បាននិយាយថា បុរសរូបនេះ មកពីខេត្តក្វាងទុង គ្រប់គ្រងគណនីអនឡាញ មួយក្រោមឈ្មោះ Qiao the Hakka Gold Refiner ហើយថ្មីៗនេះបានចែករម្លែកវីដេអូមួយ ដែលរៀបរាប់លម្អិតអំពីដំណើរការទាញ យកមាសរបស់លោកពីស៊ីមកាតចាស់ៗ។
នេះបើយោងតាមរបាយការណ៍ របស់ Oddity Central បាននិយាយថា វីដេអូនេះបានរីករាលដាលយ៉ាង ឆាប់រហ័សពាសពេញបណ្តាញសង្គមចិន បង្កឲ្យមានការភ្ញាក់ផ្អើល និងការចង់ដឹងចង់ឃើញក្នុងចំណោមអ្នកទស្សនា។ ការប្រមូលសំណល់អេតចាយអាចរកប្រាក់ចំណេញបានច្រើនជាងការងារធម្មតាអស់រយៈពេលជាច្រើនឆ្នាំ ខណៈអ្នកផ្សេងទៀតនិយាយថា ពួកគេមិនដែលដឹងថា ស៊ីមកាតអាចជាប្រភពមាសនោះទេ។
ក្នុងចំណោមចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង អ្នកសរសេរប្លុកដែលមានមូលដ្ឋាននៅក្វាងទុងបានបញ្ជាក់ថា មាសមិនមែនមកពីស៊ីមកាតត្រូវគេបោះចោលទាំងស្រុងនោះទេ ប៉ុន្តែមកពីការកែច្នៃកាកសំណល់អេឡិចត្រូនិចជិតពីរតោន។
បន្ទះឈីបស៊ីមកាតជាធម្មតាមានស្រទាប់មាស ស្តើងខ្លាំងនៅលើម្ជុលទំនាក់ទំនង និងការតភ្ជាប់បន្ទះឈីបរបស់វា ដើម្បីបង្កើនចរន្តអគ្គិសនី និងភាពធន់នឹងការច្រេះ ។ ការរចនាស្រដៀងគ្នានេះត្រូវបានប្រើក្នុងបន្ទះឈីបកាតធនាគារ កាតអត្តសញ្ញាណ និងគ្រឿងបន្លាស់ អេឡិចត្រូនិចផ្សេងទៀត ៕
