ខេត្តកណ្តាល៖លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាលអញ្ជើញចួលរួមពិធីបិទការប្រកួត “កីឡាដើម្បីទាំងអស់គ្នា ” ខេត្តកណ្តាប្រចាំឆ្នាំ២០១៩ ដែលមាន៤ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ និងប៉េតង់ដោយរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់ខេត្ត។

លោក គីម រិទ្ធីបានមានប្រសាសន៍ថា ខេត្តកណ្ដាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាក្នុងខេត្តក៏មានសកម្មភាពផុសផុលគួរឲ្យកត់សម្គាល់ ។ ទាំងអស់នេះ គឺជាការរួមចំណែកយ៉ាងសកម្ម របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត អង្គការ សមាគមនានា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ពិសេស អ្នកដែលស្រឡាញ់ និងចូលចិត្តវិស័យកីឡាផ្ទាល់ នេះគឺជាការរួមចំណែកយ៉ាងសំខាន់បំផុតក្នុង ការអភិវឌ្ឍវិស័យកីឡាក្នុងខេត្តឲ្យមានការរីកចម្រើន ស្របតាមយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា បើយើងឆ្លុះបញ្ចាំងមកការប្រកួតវិញយើងឃើញថា ក្រុមកីឡាករទាំងអស់គោរពតាមបទបញ្ជាបច្ចេកទេសនៃការប្រកួត និងបានយកស្មារតីសាមគ្គីភាព មិត្តភាព មានសីលធម៌ ល្អរវាង ក្រុមមួយទៅក្រុមមួយទៀត ធ្វើឱ្យការប្រកួតនេះប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ចំពោះព្រឹត្តិការណ៍នៃការប្រកួត “កីឡាដើម្បីទាំងអស់គ្នា” ដែលបានរៀបចំជារៀងរាល់ឆ្នាំគឺក្នុងគោលបំណងប្រមូលផ្តុំជួបជុំកីឡាករ-កីឡាការិនី ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីឲ្យពួកគាត់ចូលរួមជាព្រឹត្តិការណ៍ប្រចាំឆ្នាំ និងឲ្យចេះស្រឡាញ់សុខភាព ចូលចិត្តការហាត់ប្រាណលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចស្របតាមផែនការរបស់ក្រសួងអប់រំយុវជន និងកីឡា គឺពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាឲ្យបានមួយប្រភេទកីឡា។

លោក អភិបាលរងខេត្តកណ្តាលបានបន្ថែមទៀតថា ដោយឡែករដ្ឋបាលខេត្តកណ្តាល មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងអង្គភាពពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក៏បានខិតខំ នឹងកំពុងចូលរួមចំណែកយ៉ាងសកម្មដើម្បីបំផុសវិស័យកីឡា ក្នុងខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងភូមិទៅតាមសកម្មភាព និងរូបភាពផ្សេងទៅតាម ស្ថានភាព និងលទ្ធភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងន័យនេះដែលក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមអភិបាលខេត្តកណ្តាលខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្មួយៗកីឡាករ-កីឡាការិនីនិងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលរបស់យើងត្រូវខិតខំបន្តសកម្មភាព នឹងចូលរួមហាត់ប្រាណ លេងកីឡាឲ្យបានគ្រប់ៗគ្នា៕ដោយ៖លី ភីលីព

