កីឡា

លោកហែម គិរី៖ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង សាងសង់បាន ៣០ ភាគរយហើយ

ខេត្តបាត់ដំបង៖លោកហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកប្រាប់ឲ្យដឹងថា ការសាងស់មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបងគិតមកដល់ពេលនេះទទួលបានលទ្ធផល៣០ភាគរយ បន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។


លោកអគ្គលេខាធិការបានបន្តថា ក្នុងនោះយើងបានបុកគ្រឹះ និងចាក់បាតអាងហែលទឹករួចរាល់ហើយ ចំណែកប្រព័ន្ធទុយោខាងក្រោមអាងក៏ហើយដែរ ស្ថានភាពនៃការសាងសង់ល្អខ្លាំងណាស់ ដោយសារតែដីនៅទីនោះអំណោយផល និងអាកាសធាតុល្អទៀតអាចធ្វើការទាន់ពេលវេលាកំណត់។ សម្រាប់ការចុះទៅលើកនេះដើម្បីត្រួតពិនិត្យទំហំ ខ្នាត និងសម្ភារបរិក្ខារធ្វើតាមស្តង់ដារអន្តរជាតិ។


បញ្ជាក់“មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបង” លើផ្ទៃដីទំហំ១១២ម៉ែត្រគុណ៦៥ម៉ែត្រប្រើ រយៈពេលសាងសង់២៤ខែ ។ ក្រុមហ៊ុនសាងសង់ និងសហព័ន្ធខ្មែរកីឡាហែលទឹកគ្រោងប្រើថវិកាប្រមាណ២,០០០,០០០ដុល្លារអាមេរិកសម្រាប់គម្រោងនេះ។ ហែលទឹកនេះគ្រោងសាង សង់ ឡើងតាមស្តង់អន្តរជាតិដែលមាន ទំហំក្រឡាផ្ទៃអាងបណ្តោយ២៥ម៉ែត្រទទឹង២០ ម៉ែត្រ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ដើម្បីអាចឲ្យកីឡាករ-កីឡាការនីទាំងជាតិ និងអន្តរជាតិក៏ដូចជា មហាជនទូទៅខេត្តបាត់ដំបងធ្វើការហ្វឹកហាត់កីឡាហែលទឹក។


លោកអគ្គលេខាធិការបានប្រាប់ថា សាងសង់មណ្ឌលកីឡាហែលទឹកនៅខេត្តបាត់ដំបងនេះជាផែនការមេ របស់សហព័ន្ធកីឡាខ្មែរហែលទឹកក្នុងការអភិឌ្ឍនិង បណ្តុះបណ្តាលកីឡាករ-កីឡាការនីឈុតធំនិងថ្នាល់ដើម្បីត្រៀម ចូលរួមប្រកួតព្រឹត្តការណ៍កីឡាកីឡាថ្នាក់ ខេត្តថ្នាក់ជាតិនិងការប្រកួតកីឡាSEA GAMES 2023 នាពេលខាងមុខនេះ៕ដោយ៖លី ភីលីព

Most Popular

To Top