ភ្នំពេញ៖អ្នកប្រដាល់សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែកប៉ះប្រដាល់ថៃជើងខ្លាំង Kreang krai ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ខណៈអ្នកប្រដាល់ជាយដែនឡុង ឡា ក្លិបអប់រំកាយ និងកីឡាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យសុំសាក់ស្នៀតគុនខ្មែរជាមួយអ្នកប្រដាល់ថៃ Phat Thany ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនៃការប្រកួតខារ៉ាបាវនៅលើសង្វៀនSEATV នារសៀល ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោកញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ខ្លាចាស់ Kreang krai មិនធម្មតាទេ ដោយសារតែរូបគេមានស្នៀតប្រដាល់ល្អ វាយចេញចូលរហ័ស កម្លាំងសម្រុកខ្លាំង រឹងមាំ មិនងាយស្រួលនឹងបង្ក្រាបនោះឡើយ ថែមទំាងប្រកួត ១០៨លើក ឈ្នះ៨៥ លើក ចាញ់២០លើក និងស្មើ០៣លើក។
សម្រាប់ Kreang krai ប៉ះជាមួយសូត្រ ប៊ុនធី ក៏ពិបាកយកឈ្នះដែល ពីព្រោះ សូត្រ ប៊ុនធី ក៏ខ្លាំងនិងវាយមិនចេះខ្លាចដែរនោះ ហើយប៊ុនធីមានផ្លែល្អ ពិសេស គឺផ្លែកែង និងជង្គង់ ព្រមទំាងមានស្នៀតទាត់ល្អខ្លាំង និងធ្ងន់ថែមទៀត ចំពោះបញ្ហាកម្លាំងកាយសម្បទាវិញ ប៊ុនធី ក៏រឹងមាំមិនងាយស្រុតចុះខ្សោយនោះដែរ។ដោយប្រកួត១១៤លើក ឈ្នះ៨៧លើក ចាញ់២២លើក និងស្មើ០៥លើក។
ចំណែកអ្នកប្រដាល់ជាយដែនឡុង ឡា ក្លិបអប់រំកាយ និងកីឡាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សុំសាក់ស្នៀតគុនខ្មែរជាមួយអ្នកប្រដាល់ថៃ Phat Thany ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ Phat Thany មានផ្លែល្អ និងរឹងមាំណាស់ ព្រមទាំងមានស្នៀតប្រដាល់ និងបច្ចេកទេសមិនជាអន់នោះឡើយ ហើយអ្នកប្រដាល់ថៃរូបនេះប្រកួត៦០លើក ឈ្នះ៥៤លើក ចាញ់តែ០៦លើកប៉ុណ្ណោះ មិនដែលស្មើ។
រីឯឡុង ឡាវិញ ទោះបីមិនល្បីក៏ដោយ ក៏ជាអ្នកប្រដាល់ដែលមានចិត្តប្រដាល់ធំវាយមិនញញើតឡើយ ចំពោះកណ្តាប់ដៃ ទាត់ ជង្គង់ កែង សុទ្ធតែមានផ្លែល្អ។ ឡុង ឡា ប្រកួត៦៤លើក ឈ្នះ ៥០ លើក ចាញ់១១លើក និងស្មើ០៣លើក៕ដោយ៖លី ភីលីព