កីឡា

ក្លិបកីឡាតេក្វាន់ដូ WT បក្សីដែកឈ្នះមេដាយ ៦គ្រឿង នៃ9th Tirak Taekwondo International 2019 នៅថៃ

ភ្នំពេញ៖ ក្លិបកីឡាតេក្វាន់ដូ WT បក្សីដែកដណ្តើមបានមេដាយចំនួន៦គ្រឿងនៃព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់ដូអន្តរជាតិលើកទី ឆ្នាំ២០១៩ “9th Tirak Taekwondo International 2019” នៅក្រុងបាងកកប្រទេសថៃ ក្នុងសាកលវិទ្យាល័យ King Mugkut Teachnology ។

លោកជា សារ៉ាត ប្រធានក្លិបកីឡាតេក្វាន់ដូ WT បក្សីដែក និងជាប្រតិភូដឹកនាំ បានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើកនេះមាន២៤ប្រទេសចូលរួម ដោយការប្រកួតចែកចេញ២វិញ្ញាសាធំ គឺវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាមេគុន។ក្នុងនោះទទួលបានមេដាយសរុប៦គ្រឿង រួមមាន៖មេដាយមាស១គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង។

លោកបានបន្ថែមទៀតថា វិញ្ញាសាប្រយុទ្ធបុរសអាយុ១៨ឆ្នាំឡើង (៧៤-៨០គ.ក្រ)៖កីឡាករ ឆឹង គីមលុយ ទទួលបានមេដាយសំរឹទ្ធ វិញ្ញាសាប្រយុទ្ធបុរសអាយុ៩-១០ឆ្នាំ(៣២-៣៧គ.ក្រ) កីឡាករ សារ៉ាត ណាចារ្យ ដណ្តើមបានមេដាយមាស១គ្រឿង និងវិញ្ញាសាប្រយុទ្ធបុរសអាយុ១១-១២ឆ្នាំ(៣១-៣៤គ.ក្រ)កីឡាករ សារ៉ាត ណាចារ្យ ឈ្នះមេដាយប្រាក់១គ្រឿង ។

លោកបានបន្តថា វិញ្ញាសាប្រយុទ្ធបុរសអាយុ ១១-១២ឆ្នាំ (៤០-៤៦គ.ក្រ) កីឡាករ បាត៏ ឡូហ្កឹន ឈ្នះមេដាយប្រាក់១គ្រឿង វិញ្ញាសាប្រយុទ្ធនារី ១១-១២ឆ្នាំ (៣៨-៤២គ.ក្រ)កីឡាការិនី ហេង មេងលាភ ទទួលបានមេដាយប្រាក់១គ្រឿង វិញ្ញាសាមេគុននារីឯកត្តជន (១៣-១៤ឆ្នាំ) កីឡាការិនី សារ៉ាត ណាសា ទទួលបានមេដាយប្រាក់១គ្រឿង ។ ប្រតិភូដឹកនាំ១នាក់ មន្រ្តីដឹកនាំក្រុម១នាក់ គ្រូបង្វឹក ១នាក់ អ្នកហែអម ឬចូលរួមលើកទឹកចិត្ត ៤នាក់ សរុបទាំងអស់១៣នាក់ ទាំងកីឡាករ- កីឡាការិនី៕

ដោយ៖ លី ភីលីព

Most Popular

To Top