ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៥ដើម្បីពង្រឹងវិន័យ និងក្រមសីលធម៌ការប្រកួតនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីរួមខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ឯក តែម ម៉ឺនបានមានប្រសាសន៍ក្នុងអង្គប្រជុំថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ គុនខ្មែរជាលក្ខណៈមិត្តភាពជាតិដណ្តើមពានរង្វាន់ជើងឯកខេត្តកំពង់ស្ពឺ និងការប្រកួតប្រដាល់ គុនខ្មែរលក្ខណៈអន្តរជាតិ “Khmer Fight” ដើម្បីអបអរសាទរពិធីបុណ្យអុំទូកខេត្តកំពង់ស្ពឺនឹងធ្វើនៅថ្ងៃទី០២-០៣វិច្ឆិកា២០១៩ នៅសង្វៀនកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ក្រោមការទូរទស្សន៍ប៉ុស្តិ៍លេខ៥សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាជ្ញាធរខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។
លោកបានបន្តថា សូមឲ្យគណៈកម្មការ អាជ្ញាកណ្តាល ចៅក្រមត្រូវយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួនក្នុងការដាក់ពិន្ទុជូនកីឡាករទំាងកម្ពុជា និងបរទេសដោយសុកិ្រត ប្រសិនចាញ់គឺចាញ់ ហើយឈ្នះគឺឈ្នះព្រោះនេះជាការប្រកួតប្រកួតប្រដាល់គុនខ្មែរអន្តរជាតិខ្មែរហ្វៃយ៍ (KHMER FIGHT)ដ៏ធំប្រចាំខេត្តកំពង់ស្ពឺ៕ដោយ៖លី ភីលីព