ភ្នំពេញ៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅតែពេញចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុមកាលពីយប់មិញ ទោះបីប្រកួតស្មើក្រុមជម្រើសជាតិម៉ុងហ្គោលី ១-១ ក្ដី ព្រោះលោកបានមើលឃើញចំណុចរីកចម្រើនច្រើន ពិសេសគឺការធ្វើបានល្អតាមការគ្រោងទុកតែម្ដង ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់ការប្រកួតមិត្តភាពអន្ដរជាតិយប់មិញ លោក Felix បាននិយាយថា «ការប្រកួតថ្ងៃនេះ គឺដូចជាអ្វីដែលយើងបានគ្រោងទុកហើយ យើងបានអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន និងមានចំណុចល្អច្រើន» ។

លោកបន្ដថា «វាជាបទពិសោធន៍ដ៏ល្អមួយសម្រាប់យើងក្នុងការប្រកួតនេះ ដោយយើងធ្វើបានល្អទាំងប្រយុទ្ធ និងបញ្ជូនបាល់ បិសេសនៅចុងម៉ោង ។ តែយើងត្រូវរៀបចំឲ្យបានល្អជាងនេះ ដើម្បីត្រៀមជួបហុងកុង ព្រោះយើងបានដឹងពីរបៀបលេងរបស់ពួកគេ ហេតុនេះយើងត្រូវរកវិធី ដើម្បីបំបែកក្បួនរបស់ពួកគេ» ។

គួរបញ្ជាក់ថា ក្រោយចប់ការប្រកួតក្រុមគោព្រៃកម្ពុជា នឹងហោះទៅហុងកុងយប់នេះ ដើម្បីត្រៀមប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ពូល C ជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ។ កាលពីជើងទី១ កម្ពុជា បានប្រកួតស្មើហុងកុង ១-១ ក្នុងទឹកដីរបស់ខ្លួន ៕


