លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចង់ឈ្នះគ្រប់ប្រកួតទាំងអស់នៅស៊ីហ្គេម ២០១៩នៅប្រទេសហ្វីលីពីន ដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមយុវជនក្រោមអាយុ២២ឆ្នាំរបស់កម្ពុជាកំពុងហ្វឹកហាត់ជុំគ្នា ដើម្បីត្រៀមខ្លួនចេញទៅប្រកួតនៅស៊ីហ្គេម។ ដោយបច្ចុប្បន្ននេះមានកីឡាករជាង២០នាក់ដែលកំពុងហ្វឹកហាត់ ហើយលោក Felix នឹងត្រូវជ្រើសយកតែ២០នាក់ប៉ុណ្ណោះ តមតាមការកំណត់របស់ការប្រកួត។ ស្របពេលបញ្ជីឈ្មោះ២០នាក់នោះ អាចនឹងចេញក្រោយពីការប្រកួតមិត្តភាពទល់ក្រុមហុងកុងរួច។
ជាមួយការរំពឹងទុកសម្រាប់ស៊ីហ្គេមឆ្នាំនេះដែរ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបញ្ជាក់ថាលោកចង់ឈ្នះការប្រកួតគ្រប់ទាំងអស់ក្នុងពូល និងបានឡើងទៅជុំបន្ដទៀត។ នេះជាអ្វីដែលគ្រប់គ្រូបង្វឹកទាំងអស់ចង់បាន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះក្រុមទាំងអស់សុទ្ធតែល្អនិងប្រឹងប្រែងដូចគ្នា។
កម្ពុជានៅពូលA ជាមួយក្រុមហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។ ស្របពេលពូល B វិញ គឺថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី សិង្ហបុរីនិងប្រ៊ុយណេ។ ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ខែវិច្ឆិការហូតដល់ថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ខាងមុខនេះ៕ប្រភពnews.sabay.com.kh