កីឡា

ផាន់ គ្រាន់ ឃីម បូរ៉ាប៉ះសុទ្ធជើងខ្លាំងថៃនៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សកីឡាសុំសាក់ស្នៀត គុនជាមួយអ្នកប្រដាល់ថៃ Kieth Phit ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ខណៈអ្នកប្រដាល់ឃីម បូរ៉ា ក្លិបរស្មីភូមិគាប ខេត្ត បន្ទាយមានជ័យ ប៉ះជាមួយអ្នកប្រដាល់ថៃ Phat Phangan ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម នៃការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនSEATV នាយប់ថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។


លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា អ្នកប្រដាល់ថៃរូបនេះ គេមានផ្លែល្អ និងរឹងមាំណាស់ ។ Kieth Phit មានស្នៀតប្រដាល់ និងបច្ចេកទេសល្អហើយ វាយខ្លាំងថែមទៀត និងប្រកួត ៧៥លើក ឈ្នះ៦៥លើក និងចាញ់១០លើក មិនដែលស្មើ។


ចំណែក ផាន់ គ្រាន់ ជាអ្នកប្រដាល់ល្អ និងខ្លាំង ទោះបីមានស្នៀតប្រដាល់ និងបច្ចេកទេសល្អ ហើយវាយខ្លាំងក៏ដោយ នៅរូបគេមិនអាចធ្វើប្រហេសបានឡើយ ។ ផាន់ គ្រាន់ គេមានប្រវត្តិប្រកួតចំនួន១៣៥លើក ឈ្នះ១១១លើក ចាញ់២១លើក និងស្មើពិន្ទុ៣លើក។


អ្នកប្រដាល់ឃីម បូរ៉ា ក្លិបរស្មីភូមិគាប ខេត្ត បន្ទាយមានជ័យ ប៉ះជាមួយអ្នកប្រដាល់ថៃ Phat Phangan ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ Phat Phangarn ជាម្ចាស់ខ្សែក្រវាត់មួយរូប ដែលមានសមត្ថភាពខ្លាំងនៅប្រទេសថៃ ទោះបីជាប្រវត្តិប្រកួតរបស់ ឃីម បូរ៉ា មានចំនួនច្រើនជាងកីឡាករថៃ ប៉ុន្តែបើគេធ្លាប់ស្គាល់ពីសមត្ថភាពក្បាច់គុនវិញ គឺ បូរ៉ា អាចចាញ់ប្រៀបកីឡាករថៃទាំងស្នៀត និងស្មារតីប្រយុទ្ធ។


បូរ៉ា ប៉ះ Phat Phangarn លើកនេះ លំបាកឈ្នះ ព្រោះគេពិតជាមានសមត្ថភាពរឹងមាំល្អ។ ទោះយ៉ាងណាបូរ៉ាខំវាយអស់ពីសមត្ថភាព គ្មានលាក់កំណួច ឬល្បិចអ្វីឡើយ៕
ដោយ៖លី ភីលីព

Most Popular

To Top