ភ្នំពេញ៖ក្រុមកីឡាការិនីប៉េតង់កម្ពុជាបានកក់មេដាយសំរិទ្ធ១គ្រឿងក្នុងដៃហើយ បន្ទាប់ពីក្រុមនេះទទួលបានជ័យជម្នះលើកគូប្រកួតនៃវិញ្ញាសា៣នាក់ទល់៣នាក់នារី ខណៈក្រុមកីឡាករចាញ់វៀតណាមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាSEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។
ចំពោះវិញ្ញាសា៣នាក់ទល់៣នាក់រួមមានកីឡាការិនី អ៊ុន ស្រីយ៉ា និង កីឡាការិនី ស្រ៊ាង សុរ៉ាឃីម កីឡាការិនី ឃួន យ៉ារី និង កីឡាការិនី ដួងឌីណាបានយកឈ្នះក្រុមកីឡាការិនីម៉ាឡេស៊ីក្នុងលទ្ធផល១៣ទល់១០ និងឈ្នះក្រុមកីឡាការិនីឥណ្ឌូនេស៊ីក្នុងលទ្ធផល១៣ទល់១ កក់មេដាយសំរិទ្ធ ទោះបីកម្ពុជានៅសល់មួយប្រកួតចុងក្រោយនឹងក្រុមម្ចាស់ផ្ទះក៏ដោយ។
លោកបានបន្តថា ចំពោះវិញ្ញាសា៣នាក់ទល់៣នាក់បុរសកីឡាករ ថោង ឈឿង កីឡាករ តិប នរ៉ា កីឡាករ សៀង វណ្ណា និងកីឡាករ យឹម សុភណ្ឌបានយកឈ្នះក្រុមកីឡាករម្ចាស់ផ្ទះហ្វីលីពីនក្នុងលទ្ធផល១០ទល់៩ និងចាញ់ក្រុមកីឡាករវៀតណាមក្នុងលទ្ធផល៩ទល់១២ សម្រាប់ការប្រកួតចុងក្រោយកម្ពុជាត្រូវការឈ្នះក្រុមកីឡាករឡាវ ទើបអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន៕ដោយ៖លី ភីលីព