កីឡា

ឌុម កែវដា សុខ សុវណ្ណប៉ះអ្នកឆ្លងដែនថៃ លើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍នេះ

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជាឌុម កែវដា ក្លិបម្កុដរាជសីហ៍ប៉ះអ្នកប្រដាល់ជើងខ្លាំងថៃ Pravith ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ខណៈអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡាប្រដាល់នៃក្រសូងការពារជាតិប្រកួតជា មួយអ្នកប្រដាល់ Khum Phayak ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នារសៀលថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៩នេះ នៃព្រឹត្តិការណ៍ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនៅលើសង្វៀនSEATV ។


លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបាននិយាយថា ឌុម កែវដា ក្លិបម្កុដរាជសីហ៍ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Pravith ដោយសារកែវដាជាអ្នកប្រដាល់មួយរូបដែលល្អជង្គង់ និង កែង តែអ្នកប្រដាល់រូបនេះពេលខ្លះហាក់ដូចជាមើលស្រាលគូប្រកួត និង ពេលខ្លះហាក់ដូចជាមានអំណួតបន្តិច ។


ចំពោះអ្នកប្រដាល់ថៃ Pravith វិញគេហាក់ដូចជាមានចិត្តធ្ងន់ណាស់ នៅពេលប្រកួតគេមិនខ្វល់ពីអំណួតរបស់គូប្រកួតឡើយ ឬការចំអករបស់គូប្រកួតនោះទេគឺគេវ៉ៃក្នុងស្ថានភាពធម្មតាតែបើមានឱកាសគេវ៉ៃផ្ដាច់ភ្លាមតែម្ដង ហើយមានអ្នកប្រដាល់កម្ពុជាមិនតយិចអ្នកទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះវាយឲ្យសន្លប់ ។ ចំពោះប្រវត្តិនៃការប្រកួតប្រហាក់ប្រហែលគ្នា គឺឌុម កែវដា ប្រកួត១១៣លើក ឈ្នះ៩៣លើក ចាញ់១៧លើក និងស្មើ៣លើក រីឯ Pravith ប្រកួតចំនួន១០៩លើក ឈ្នះ៨៥ លើក ចាញ់២១លើក និងស្មើ៣លើក។


ចំណែកអ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡាប្រដាល់នៃក្រសូងការពារជាតិប្រកួតជា មួយអ្នកប្រដាល់ Khum Phayak ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ Khum Phayak ល្អទាំងកែង ជង្គង់ កណ្ដាប់ដៃពិសេសគេមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រកួត៥ទឹកពេញទៀតផង ចំពោះសុវណ្ណ ក៏គេមានសមត្ថភាពវាយបាន៥ទឹកដែរគ្រានតែគេឆាប់ទន់ជាងគូប្រកួតរបស់ខ្លួនតែប៉ុណ្ណោះ ។
សុវណ្ណមានប្រវត្តិប្រកួតចំនួន៩៥លើក ឈ្នះ៧៥លើក ចាញ់១៨លើក និងស្មើពិន្ទុ២លើក រីឯ Khum Phayak វិញមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៥ដង ចាញ់១២ដង និងស្មើពិន្ទុ ១ដង៕ដោយ៖លី ភីលីព

Most Popular

To Top