ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់ ដណ្តើមខ្សែក្រវាត់ ខារ៉ាបាវ នៅលើសង្វៀនSEATV នារសៀលថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធ និងអ្នកប្រដាល់ថៃ Kolap Dam ឡើងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីយកលើគូប្រកួតរៀងៗខ្លួន នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។
អ្នកប្រដាល់កម្ពុជាប៉ោ ភារិទ្ធសមាគមប្រដាល់ ក្រសួងកសិកម្ម ដែលបានចំណាត់ថ្នាក់ លេខ១ ពូល A ជួបជាមួយអ្នកប្រដាល់កម្ពុជា ដូចគ្នាពុយ វណ្ណៈក្លិប ឃ្លាំង មឿង កីឡាដែលបានចំណាត់ថ្នាក់ លេខ២ពូល A ។ ស្ថានភាពនៃការប្រកួត រវាងអ្នកប្រដាល់ ទាំង២រូបនេះ តាំងពីទឹកទី១ ដល់ទឹកទី៥ វណ្ណៈសម្រុកចូលរហូត តែការវ៉ៃចេញរបស់គេ មិនសូវចំគោលដៅឡើយ ។
វណ្ណៈ មិនស្នៀតអ្វីច្បាស់លាស់ឡើយ គឺគេវ៉ៃស្នៀតដដែលៗ ដោយព្យាយាម វាយប្រហារ ជើងក្រោមភារិទ្ធ ព្រោះគរដឹងថា ភារិទ្ធខ្សោយជើងក្រោម ហើយការវ៉ៃស្នៀតដដែលៗ បែបនេះ ធ្វើឲ្យភារិទ្ធមានឳកាស ច្រាស់សងវិញ យ៉ាងមានប្រសិទ្ធិភាព ។ ភារិទ្ធដកថយ មែនតែគេថយ វ៉ៃមិនមែនសម្រុកចូល ឲ្យគេវ៉ៃដូចវណ្ណៈឡើយ ។
អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាពេញទាំង៥ទឹក ដែលលទ្ធផលចុងក្រោយ ភារិទ្ធឈ្នះវណ្ណៈ ដោយពិន្ទុដាច់ ដោយចៅក្រមទាំង៥ រូប សុទ្ធតែផ្ដល់ពិន្ទុ ឲ្យភារិទ្ធ ឈ្នះវណ្ណៈ ទាំងអស់គ្នា ។
ការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មួយគូរទៀត អ្នកប្រដាល់ថៃ Loom Leng ចំណាត់ថ្នាក់លេខ១ ពូល B ជួបជាមួយKolap Dam លេខ២ពូល B ។អ្នកប្រដាល់ទាំង២រូបនះ ក៏ប្រកួតគ្នាពេញ ទាំង៥ទឹកដូចគ្នា ពួកគេទាំង២ ត្រូវអាជ្ញាកណ្ដាល ព្រមានចំនួន២លើកដូចគ្នា ដោយសារតែគេហាក់ដូចជា វ៉ៃគ្នាស្រាលៗពេក ។
នៅក្នុងការប្រកួត រវាងអ្នកប្រដាល់ថៃទាំង២រូបនេះ លទ្ធផលចុងក្រោយ Kolap Dam បានទទួលជ័យជម្នះ លើLoom Lengដោយពិន្ទុ ដោយចៅក្រមទាំង៥រូប មានតែមួយរូបប៉ុណ្ណោះ ដែលផ្ដល់ពិន្ទុឲ្យ Loom Leng ឈ្នះ រីឯ ៤រូបទៀត សុទ្ធតែផ្ដល់ពិន្ទុឲ្យ Kolap Dam ឈ្នះ ៕ ដោយ៖លី ភីលីព