កណ្តាល៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគវាលរាប “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០” កាលពីរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២០ នៅមាត់ទន្លេសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-30_15-10-34.jpg)
លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ការប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជា រយៈពេល២ថ្ងៃនេះ គឺជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយជ័យជម្នះដែលកីឡាករ-កីឡាការិនី ទទួលបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ ពីការខិតខំហ្វឹកហាត់ជាប្រចាំ បូកផ្សំការតស៊ូព្យាយាមគោរពវិន័យ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេស បានត្រឹមត្រូវនៅក្នុងការប្រកួត។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-30_15-10-37.jpg)
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកម្ពុជាទទួលបាននូវការឯកភាពជាតិ សុខសន្តិភាពពេញលេញ និងទទួលបានទំនុកចិត្ត ពីគណៈកម្មាធិការ កីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡា អូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ។ ជាពិសេស យើងត្រូវ «សូមអរគុណ សន្តិភាព ដែលយើងស្រលាញ់ និងការពារសន្តិភាពនេះ បើទោះបីជាក្នុងតម្លៃណាក៏ដោយ ទើបយើងមានឱកាសទទួលបានព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នេះ» ។
ដើម្បីឲ្យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណី ឬហៅថា “ទូកនាគ” កាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព អាចចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស និងត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជា ចូលរួម ប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-30_15-10-39.jpg)
លោកអនុប្រធានទី១បានបន្ថែមទៀតថា ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។ ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ព្រមទំាងជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ៕ ដោយ៖លី ភីលីព
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-30_15-10-42.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)