កីឡា

លោក វ៉ាត់ ចំរើនអញ្ជើញចូលរួមសន្និបាត សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០ ១៨-២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជានាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ បានអញ្ជើញចូលរួមសន្និបាត សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងទិសដៅអនុវត្តបន្តឆ្នាំ ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

ក្នុងឱកាសនោះលោក វ៉ាត់ ចំរើនប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រកាសតែងតំាងសមាជិក៣រូបបន្ថែមទៀតគឺលោក វ៉ា ពិសី ជាទីប្រឹក្សាអ្នកច្បាប់របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក ជីន សំណាង ជាគ្រូពេទ្យសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក ណយ ផាណា ជា អគ្គលេខាធិការរងសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា។

លោក សំ សុខយី អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា សហព័ន្ធសមាជិកគណៈកម្មាធិការប្រតិបត្តិព័ន្ធចំនួន ១៣នាក់ មានសមាជិកក្លិប៧ រួមមានកីឡាករ កីឡាការិនី ២៩នាក់ ស្រី៧នាក់ រួមមានក្លិបហាត់ប្រាណ-លើកទម្ងន់រ៉ាវី ផ្សារបូរីដំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ក្លិបហាត់ប្រាណ-លើកទម្ងន់រោមជើម ទីតាំង សង្កាត់បឹងកក់២ ខណ្ឌ៧មករា ក្លិបហាត់ប្រាណ-លើកទម្ងន់ គឺងកុង ទីតាំងមុនតិចណូសង្កាត់ទឹកល្អក់ ខណ្ឌទួលគក ក្លិបហាត់ប្រាណ-លើកទម្ងន់រាជសីហ៍ ផ្ទះ៣៥ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ ក្លិបហាត់ប្រាណ-លើកទម្ងន់វត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក សៀមរាប ក្លិបហាត់ប្រាណ-លើកទម្ងន់គីងកុង ខេត្តកំពត និងក្លិបហាត់ប្រាណ-លើកទម្ងន់ប្ញស្តារ ខេត្តកំពត។

លោកបានបន្តថា យើងបានធ្វើលិខិតស្នើសុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់កម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ជាសមាជិកពេញសិទ្ធិរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិទី១ ប្រចាំឆ្នាំ២០១៨-២០២២។ រៀបចំកសាងបានលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធកីឡាលើកទម្ងន៍កម្ពុជា និងលិខិតស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ចេញប្រកាសទទួលស្គាល់ និងអនុញ្ញាត
គណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បំពេញភារកិច្ចអាណត្តិទី។

ហើយរៀបចំកសាងបានផែនការយុត្តិសាស្ត្រ អភិវឌ្ឍកីឡាលើកទម្ងន់កម្ពុជា ឆ្នាំ២០១៩ -២០២៣ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា អាណត្តិទី១ និងផែនការប្រចាំឆ្នាំ២០១៩៕ ដោយ៖លី ភីលីព

Most Popular

To Top