កាសែតអង់គ្លេស The Sun នៅថ្ងៃចន្ទនេះ បានសរសេរថា ស្ថានភាពដ៏អាក្រក់ នៅក្នុងប្រទេសអ៊ីតាលី ដែលហាក់មិនមានភាពថមថយនោះ បានកំពុងជំរុញ ឲ្យមានការសម្រេចចិត្តចុងក្រោយមួយ ដែលនឹងធ្វើឡើង ក្នុងរយៈពេលប៉ុន្មានម៉ោងនេះ ក្នុងការលប់ចោលការប្រកួត ដែលនៅសេសសល់រដូវកាលនេះ ឬមានន័យថា នឹងមិនមានលទ្ធផលឡើយ សម្រាប់រដូវកាលនេះ។
ប្រធានសមាគមន៍កីឡាករ របស់លីកកំពូលអ៊ីតាលី ហៅកាត់ថា AICលោកDamiano Tommasi នៅថ្ងៃនេះ ក៏បានបញ្ជាក់ដែរថា ការសម្រេចចិត្តជាផ្លូវការ នឹងអាចធ្វើឡើង មុនកាលកំណត់ ខណៈដែលការផ្ទុះនៃវិរុសកូរ៉ូណា កាន់តែខ្លាំងក្លាបែបនេះ។ Serie A ត្រូវបានពន្យារពេលប្រកួត តាំងតែពីថ្ងៃទី៩ ខែមីនាមកម្ល៉េះ ទាំងដែលក្លឹបទាំងឡាយ នៅសល់១៣ប្រកួតម្នាក់ទៀត ហើយក្នុងនោះ គេបានមើលឃើញថា Juventus គឺជាអ្នកនាំមុខគេ ក្នុងការលើកពានរង្វាន់ រដូវកាលនេះ។
លោកTommasi អាយុ៤៥ឆ្នាំរូបនេះ ក៏បានបញ្ជាក់ដែរថា កិច្ចប្រជុំគ្នាតាមវិដេអូ ដែលមានការចូលរួម ពីសំណាក់ប្រធានផ្នែកកីឡាជាច្រើនរូប ក្នុងប្រទេសផង ទំនងជានឹងជ្រើសយក ការលប់ចោលលទ្ធផល នៅរដូវកាលនេះទាំងស្រុង ជាដំណោះស្រាយចុងក្រោយ៕
ប្រែសម្រួល៖ស៊ុនលី