ភ្នំពេញ ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ,១១ និង១៣ ខែឧសភា ឆ្នាំ២០២០ ដឹកនាំកិច្ចប្រជុំ ការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿន ការអភិវឌ្ឍឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES នៅនាយកដ្ឋានអប់រំកាយ និងកីឡា ។
កិច្ចប្រជុំការអនុវត្តថវិកាគាំទ្រ របស់ក្រសួងអប់រំថ្ងៃដំបូង លោក ប៊ូ ជុំសេរី នឹងជួបសហព័ន្ធកីឡាជាតិចំនួន៥ គឺសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហព័ន្ធកីឡាបាល់ទះកម្ពុជា សហព័ន្ធកីឡាបាល់បោះកម្ពុជា សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងខេមរាសហព័ន្ធកីឡាតេក្វាន់ដូ WT ។ ចំពោះថ្ងៃទី១១ ជួបសហព័ន្ធកីឡាជាតិ ចំនួន៥ទៀត គឺសហព័ន្ធកីឡាការ៉ាតេកម្ពុជា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សហព័ន្ធកីឡាខ្មែរហែលទឹក សហព័ន្ធវាយកូនបាល់កម្ពុជា និងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។
លុះថ្ងៃចុងក៏ដូចជាថ្ងៃដំបូង និងថ្ងៃទី២ដែរគឺជួបសហព័ន្ធកីឡាជាតិចំនួន៥ទៀត គឺសហព័ន្ធកីឡាវាយកូនគោលកម្ពុជា សហព័ន្ធកីឡាចំបាប់កម្ពុជា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងសហព័ន្ធកីឡាកីឡាតេក្វាន់ដូ ITF ។
ក្នុងកិច្ចប្រជុំនោះដែរ លោកបានមានប្រសាសន៍ ជម្រាបជូនសហព័ន្ធកីឡាជាតិ ស្តីពីគោល ការណ៍ហិរញ្ញវត្ថុ ក្នុងការអនុវត្តថវិកា ដែលក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ ជូនទៅសហព័ន្ធនីមួយៗ និងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរ របស់សហព័ន្ធ ក្នុងការអនុវត្តថវិកា៕
ដោយ៖លី ភីលីព