ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន នីងកីឡានាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ជួបសំណេះសំណាល នីងប្រកាសជាផ្លូវការ នៃស្តីអនុញ្ញាត ឲ្យធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគឡើងវិញ ជាជំហានៗ ជាមួយសហព័ន្ធកីឡាជាតិ ចំនួន៣៤ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា។
លោក ស សុខា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន នីងកីឡានឹងអនុញ្ញាត ឲ្យសហព័ន្ធកីឡាជាតិ បើកដំណើរការហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគ របស់ខ្លួនឡើងវិញជាជំហានៗ ប៉ុន្តែត្រូវមានផែនការ អនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាម លក្ខខណ្ឌសុវត្ថិភាព ជាពិសេសនោះ ការប្រកួតទាំងនេះ មិនអនុញ្ញាតឲ្យ មានអ្នកទស្សនាឡើយ គឺការប្រកួតបិទទ្វារ។
លោកបានបន្តថា ការប្រកួតលីគ មិនត្រូវឲ្យមានចំនួន កីឡាករ-កីឡាការិនី នីងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យថា ការប្រកួតតម្រូវ ឲ្យមានតែកីឡាករ-កីឡាការិនី នីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រប់១០០នាក់ ក៏មិនអនុញ្ញាតទស្សនីកជន ចូលទស្សនាការប្រកួតឡើយ។
ចំណែកពហុកីឡដ្ឋានជាតិអូឡាំពិក និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ត្រូវឲ្យក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិចូលហ្វឹកហាត់ ព្រមទាំងស្នាក់នៅដូចធម្មជាតិ ក្រោមស្ថិនការត្រួតពិនិត្យ និងថែទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ ជាប្រចាំតាមការណែនាំ ដោយសហការជាមួយ ក្រសួងសុខាភិបាល។ ចំពោះហូបចុក ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិទំាងឈុតធំ និងឈុតតូច ត្រូវទទួលខុសត្រូវខ្លួនឯង។
យោងតាមសារជាសំឡេងដើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា គប្បីធ្វើការពិភាក្សាគ្នា ដើម្បីបើកឲ្យមាន ការប្រកួតកីឡាមួយចំនួនឡើងវិញ៕ ដោយ៖លី ភីលីព










