ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លី លើតុកម្ពុជានាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានរៀបចំការប្រកួតកីឡា វាយកូនឃ្លីលើតុធ្វើតេស្តិ៍ សាកល្បងបច្ចេកទេសសម្រាប់ កីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិឈុត តូចថ្នាលដំណាក់កាលទី១ នៅទីលានសហព័ន្ធ ក្នុងពុកីឡដ្ឋានជាតិអូឡាំពិក។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា នេះជាការប្រកួតស្ទាប់ស្ទង់ សមត្ថភាពកីឡាករ-កីឡាការិនី ក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិ ឈុតតូចថ្នាលដែលធ្វើការ ហ្វឹកហាត់ប៉ុន្មានខែកន្លងមក បន្ទាប់ពីយើងឈប់សម្រាក ដោយសារតែមេរោគ COVID-19 ចំពោះការធ្វើតេស្តិ៍នេះសហព័ន្ធ ក៏កំណត់យកចំណាត់ថ្នាក់ដែរ។
លោកបានបន្តថា ការប្រកួតនេះកីឡាករក្រុមជម្រើសជាតិ ឈុតធំមានចំនួន៦នាក់ ចំណែកក្រុមជម្រើសជាតិយុវជនចំនួន ៧នាក់ និងកីឡាការិនីថ្នាលចំនួន ៦នាក់ ធ្វើការប្រកួតរូបមន្តដូចគ្នា។ ដូច្នេះគណៈកម្មការសហព័ន្ធ អាចដឹងកាន់តែច្បាស់សមត្ថភាព របស់អត្តពលិកនីមួយៗរបស់ខ្លួន។
អគ្គលេខាធិការបានបន្ថែមទៀតថា សហព័ន្ធត្រូវឲ្យកីឡាករ-កីឡាការិនីទាំងអស់ត្រៀមខ្លួន ប្រកួតលក្ខណៈជាតិ ដែលសហព័ន្ធកីឡាវាយកូនឃ្លីលើតុ នឹងរៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០ ៕
ដោយ៖ លី ភីលីព




