រថយន្ត Bugatti Chiron និងរថយន្ត Porsche 911 Cabriolet បានរងការខូចខាតធ្ងន់ក្នុងឧបទ្ទវហេតុមួយដែលកើតឡើងកាលពីថ្មីៗនេះលើដងផ្លូវនៃតំបន់ Gotthard Pass ប្រទេសស្វីស។
គេជឿថារថយន្ត Bugatti និង Porsche បានបើកបរនៅពីក្រោយរថយន្ត Mercedes-Benz C-Class ដែលរថយន្ត C-Class បើកបរនៅពីក្រោយរថយន្តមួយបើកបរយឺតៗ។ ម្ចាស់រថយន្ត Bugatti បានឡើងវ៉ារថយន្តបីទៀតដែលនៅខាងមុខ ប៉ុន្តែរថយន្ត 911 ក៏ចង់ឡើងវ៉ាដូចគ្នា ដូចនេះទើប Bugatti បានប៉ះគូថ Porsche និងរុញ Porsche ទៅប៉ះនឹង C-Class។
រូបភាពដែលគេថតបាននៅកន្លែងកើតហេតុបានបង្ហាញថារថយន្ត Porsche រងការប៉ះទង្គិចធ្ងន់ជាងគេ ដោយទំនងជាត្រូវរុញទៅប៉ះនឹងរបាំងស៊ីម៉ង់។ ចំណែកឯ Bugatti ឯណោះវិញ ក៏ខូចខាតធ្ងន់ផងដែរនៅផ្នែកខាងមុខ។
សារព័ត៌មានក្នុងស្រុក 20 Minuten បានឲ្យដឹងថាអ្នកដំណើរក្នុងរថយន្ត Mercedes-Benz C-Class រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរ ប៉ុន្តែមិនមានដំណឹងអំពីស្ថានភាពអ្នកបើកបររថយន្តផ្សេងទៀតនោះទេ។ មានការអះអាងថាគ្រោះថ្នាក់មួយនេះ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសរុបដល់ ៣,៧លានអឺរ៉ូ ដែលស្មើប្រមាណ ៤,០៦លានដុល្លារ៕
ដោយ ៖ sabay


