ភ្នំពេញ៖ តាមប្រសាសន៍របស់ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ថា សហព័ន្ធសម្រេចបង្កើតក្រុមការងារជំរុញ និងដឹកនាំការប្រកួត កីឡាបាញ់កាំភ្លើងកម្ពុជា អន្តរជាតិ ដែលមានឈ្មោះ “Cambodia Shooting Federation Task Force” ដើម្បីរៀបចំជំរុញ និងដឹកនាំរាល់ការហ្វឹកហាត់កីឡាករ-កីឡាការិនី ក្នុងការប្រកួតអន្តរជាតិ។
ក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើង កម្ពុជាអន្តរជាតិដែលមានសមាសភាពដូចតទៅ៖ លោក អ៊ុង ពិលី ប្រធាន លោក វុត្ថា ប៉ុណ្ណារិទ្ធ អនុប្រធាន លោក Thomas Bovet ទីប្រឹក្សាបច្ចេកទេស លោកឧកញ៉ា ទេព រិទ្ធិវិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ ក្នុងនោះក៏បានចាត់តាំងលោក Thomas Bovet និងលោក Sylvain Vogel ជាគ្រូបង្វឹក។
ក្រុមការងារជំរុញ និងដឹកនាំការប្រកួត កីឡាបាញ់កាំភ្លើងកម្ពុជា អន្តរជាតិមានបេសកកម្មដូចជា៖ រៀបចំកម្មវិធីហ្វឹកហាត់ វគ្គបណ្ដុះបណ្ដាល និងកីឡាករ-កីឡាការិនីអោយមានទេពកោសល្យ និងមានសមត្ថភាពខ្ពស់សម្រាប់ កីឡាបាញ់កាំភ្លើង។ ជាមួយនេះមានភារកិច្ចជ្រើសរើស និងអភិវឌ្ឍន៍ក្រុមដែល មានស្នាដៃខ្ពស់សម្រាប់វិញ្ញាសាបាញ់កាំភ្លើង សម្របសម្រួលចូលរួមសម្រាប់ ព្រឹត្តការណ៍ប្រកួតនៅក្រៅប្រទេស ឬជាលក្ខណៈអន្តរជាតិ។
ការសិក្សា និងផ្តល់យោបល់ដល់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជាសម្រាប់រៀបចំត្រៀមស៊ីហ្គេមឆ្នាំ ២០២៣ ដែលនឹងរៀបចំឡើង ដោយព្រះរាជាណាចក្រកម្ពុជា។ គ្រប់គ្រងធនធានសម្រាប់ បណ្តុះបណ្តាល និងអភិវឌ្ឍន៍ក្រុមជម្រើសជាតិ៕ ដោយ៖លី ភីលីព