កីឡា

Ronaldo ធ្លាប់​លក់​ស្បែក​ជើង​មាស​និង​ពាន Ballon d’Or យក​លុយ​សង់​សាលា

Cristiano Ronaldo ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ ​​ជោគជ័យ​ម្នាក់ ​ក្នុង​បាល់ទាត់។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​​មាន​​ ថ្លៃ​ពលកម្ម​៥០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ នៅ​ក្លឹប​ Juventus។

ជាមួយ​នឹង​ភាព​ល្បីល្បាញ Ronaldo មាន​កុងត្រា​ឧបត្ថម្ភ​ជាមួយ​ ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ដូច​ជា Nike, Armani, KFC, Herbalife ជា​ដើម។ ប៉ុន្តែ​នៅ​មាន​រឿង ​អាថ៌កំបាំង​​ចំនួន​២​ដែល​មិន​សូវ​មាន​អ្នក​ដឹង​ នោះ​គឺ Ronaldo ធ្លាប់​លក់​ស្បែក​ជើង​មាស ​និង​ពាន Ballon d’Or យក​លុយ​សង់​សាលា​និង​ជួយ​កុមារ។

ក្នុង​ឆ្នាំ​២០១១ កីឡាករ​វ័យ​៣៥​ឆ្នាំ​​ទទួល​បាន​ពាន​រង្វាន់ ​​ស្បែកជើង​មាស (European Golden Boot) បន្ទាប់​ពី​​ទាត់​បញ្ចូល​ទី​៤០​គ្រាប់​ក្នុង​លីគ ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho។ ប៉ុន្តែ​ពេល​នោះ​គេ​​ជួយ Real Madrid បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​នៅ La Liga និង​ធ្លាក់​នៅ Champions League វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ដើម្បី​ផ្ដល់​ការ​គោរព​ដល់​ក្រុម Ronaldo បាន​លក់​ស្បែកជើង​មាស​នោះ​ក្នុង​កម្មវិធី​សប្បុរសធម៌​មួយ។ តាម​រយៈ​ការ​ដេញ​ថ្លៃ​​​វា​លក់ ​បាន​១,២​លាន​ផោន។ ចំពោះ​ទឹក​ប្រាក់​នេះ​​គេ​បាន​បង្វែរ​យក​ទៅ​សង់​សាលា​មួយ​ចំនួន ​នៅ​តំបន់​​មាន​សង្គ្រាម​នៅ Gaza។

ដូច​គ្នា​ដដែល​ក្នុង​ឆ្នាំ​២០១៧ Ronaldo បាន​ដាក់​ពាន Ballon d’Or ​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៣​ដាក់​លក់​ដេញ​ថ្លៃ​ក្នុង​កម្មវិធី​សប្បុរសធម៌​​ នៅ​ទីក្រុង​ឡុងដ៏។ ពាន​នោះ​​លក់​បាន​តម្លៃ​៥៣​ម៉ឺន​ផោន​ ដោយ​ទឹក​ប្រាក់​ទទួល​បាន​​យក​ទៅ​ជួយ​កុមារ​ មាន​លក្ខខណ្ឌ​គំរាមកំហែង​ដល់​អាយុជីវិត៕ ​

ប្រភព៖sabay

Most Popular

To Top