ជើងខ្លាំងរបស់ហ្វីលីពីន Manny Pacquiao ធ្លាប់ប្រកួតតដល់ទៅ២គីឡូក្រាមជាមួយកីឡាករអាមេរិក Oscar De La Hoya ដែលមានរហស្សនាមថា “The Golden Boy” កាលពីឆ្នាំ២០០៨។
ជំនាន់នោះ De La Hoya ជាកីឡាករលំដាប់ខ្ពស់បំផុតប្រចាំនៅអាមេរិក ដែលជាទូទៅគេប្រកួតក្នុងប្រភេទគីឡូធំ៧០គីឡូក្រាម។ ឯ Pacquiao លេងក្នុងប្រភេទគីឡូតូច៦១គីឡូក្រាមប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈការផ្គូផ្គងព្រោះតែចង់ឲ្យកីឡាករទាំងពីរជួបគ្នា គេបានសម្រេចឲ្យ De La Hoya បញ្ចុះគីឡូ ឯ Pacquiao តំឡើងគីឡូ។ADVERTISINGX
គ្រានោះគេបានកំណត់យកត្រឹម១៤៧ផោន (៦៦,៦គីឡូក្រាម) ដើម្បីប្រកួត ។ De La Hoya បានធ្វើគីឡូសល់៦៦គីឡូក្រាម ឯ Pacquiao ខំតំឡើងដែរ តែបានត្រឹម៦៤គីឡូក្រាមប៉ុណ្ណោះ។ បើប្រៀបធៀបមាឌរបស់ពួកគេពេលនោះ ឃើញថា De La Hoya ធំជាងឆ្ងាយណាស់។
កីឡាករល្បីៗជាច្រើនក្នុងពិភពលោកបានធ្វើការព្យាករណ៍យកខាង De La Hoya ទាំងអស់ពេលនោះ ដោយសំអាងលើបទពិសោធន៍ មាឌនិងចម្ងាយដៃវាយចេញ។ ប៉ុន្តែអ្វីៗខុសពីការរំពឹងទុក Pacquiao បានគ្របដណ្ដប់ការប្រកួតទាំងស្រុង បន្ទាប់ពី៨ទឹក។ ស្ថានភាព De La Hoya ហើមមុខជាដំណំ ធ្វើឲ្យអ្នកឲ្យទឹកសម្រេចបោះកន្សែងសុំចុះចាញ់ មុនឈានចូលទឹកទី៩។
ជាលទ្ធផល Pacquiao បានយកឈ្នះ De La Hoya យ៉ាងអស្ចារ្យ ជាមួយទឹកប្រាក់ដែលគេទទួលបានរង្វង់១៥ទៅ៣០លានដុល្លារ។ ឈានដល់ឆ្នាំ២០០៩ De La Hoya បានសម្រេចចិត្តចូលនិវត្តន៍ពីប្រដាល់តែម្ដង៕
ប្រភព៖sabay