កីឡា

Mane អញ្ជើញ​ពួក​ម៉ាក ​ពី​កុមារភាព​មក​ Anfield ក្រោយ​ខាន​ជួប​គ្នា​ជិត​ ២០ឆ្នាំ

ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​កីឡាករ Sadio Mane បាន​ជួប​មិត្តភ័ក្ដិ​ពី​កុមារភាព​របស់​ខ្លួន​អំឡុង​ពេល​ទៅ​លេង​ឲ្យ​ក្រុមជម្រើសជាតិ​ទល់​នឹង​ប្រទេស​ហ្គីណេ-បាសូ​ ក្នុង​ក្របខ័ណ្ឌ​វគ្គ​ជម្រុះ​ពាន​ប្រជាជាតិ​នៃ​ប្រទេស​អាហ្វ្រិក។

មិត្តភ័ក្ដិ​របស់ Mane មាន​ឈ្មោះ​ថា Solo ខាន​ជួប​គ្នា​រយៈពេល ១៧ឆ្នាំ​ហើយ។ អ្នក​ទាំង​ពីរ​ធ្លាប់​លេង​បាល់​ជាមួយ​គ្នា​នៅ​ស្រុក​កំណើត​កាល​ពី​តូចៗ។ តែ​នៅ​ពេល​នេះ​ដែរ Solo ក្លាយ​ជា​មន្ត្រីនគរបាល​មួយ​រូប​នៅ​ប្រទេស​ហ្គីណេ-បាសូ ហើយ​មាន​កាលវិភាគ​មើល​ការ​ខុស​ត្រូវ​រឿង​សន្តិសុខ​នៅ​កីឡដ្ឋាន​ជាតិ​ហ្គីណេ-បាសូ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​វិញ។

នៅ​ពេល​ជួប​គ្នា Solo បាន​បង្ហាញ​រូប​ថត​លេង​នៅ​ក្រុម​ជាមួយ Mane ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ស្នាម​ញញឹម​ពព្រាយ​នៅ​ពេល​ជួប​គ្នា​វិញ។ មាន​ប្រភព​មួយ​ចំនួន​បាន​លើក​ឡើង​ថា Mane បាន​អញ្ជើញ Solo ទៅ​កាន់ Anfield ដែល​ជា​ទឹកដី​ Liverpool នៅ​ពេល​ដែល​ស្ថានភាព​កូវីដ-១៩​ធូរ​ស្បើយ។

តាម​រយៈ​អំពើ​នេះ​ មជ្ឈដ្ឋាន​បាល់ទាត់​នានា​បាន​សរសើរ​ពី​ទឹកចិត្ត​របស់ Mane ដែល​មិន​ចេះ​តម្កើង​ឫក​ទោះ​មាន​បាន​អ្វី​ក៏​ដោយ​ ក៏​មិន​ភ្លេច​មិត្ត​ចាស់​ដែរ៕ប្រភព៖sabay

Most Popular

To Top