ភ្នំពេញ ៖ លោក មាស សារិន ប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឲ្យកីឡាទាញព្រ័ត្រ នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ កីឡា SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អនោះ លោកផ្តល់អនុសាសន៍មួយចំនួន ។
លោកបន្តថា យើងបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី ក្លិប សមាគមកីឡា ទាញព្រ័ត្រឲ្យបានទូលំទូលាយ យកចិត្តទុកដាក់រៀបចំ និងជំរុញនៅតាមបណ្តាសមាគម-ក្លិប ដើម្បីលើកកម្ពស់សម្ថតភាព ពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម ឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ព្រមទំាងជំរុញ ឲ្យមានការរៀបចំការប្រកួត ឲ្យបានច្រើនការហ្វឹកហាត់ ជាប្រចាំនៅតាមបណ្តាក្លិប សមាគម ។ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង សហព័ន្ធ ក្លិប សមាគមទូទាំងប្រទេស ប្រឹងប្រែងស្វែងរកដៃគូ អភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួត ឲ្យបានច្រើនក្នុងមួយឆ្នាំ តាមដែលអាចធ្វើបាន ។
លោកប្រធានបន្ថែមទៀតថា សមាគមកីឡាទាញព្រ័ត្រ នៃក្រសួង រាជធានី-ខេត្តទាំងអស់ ត្រូវបញ្ជូនប្រតិភូកីឡា របស់ខ្លួនចូលរួមក្នុងការប្រកួត ប្រកបដោយស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយគោរព បានត្រឹម ត្រូវតាមបទបញ្ជាបច្ចេកទេស នៃការប្រកួតឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ពោល គឺ ឈរលើស្មារតី កីឡា ដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើន គុណផលបច្ចេកទេស ៕ដោយ៖លី ភីលីព




