ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by Cell Card នាយប់ថ្ងៃសៅរ៍ ទី២ ខែមករា ២០២១នេះសម្រាប់វគ្គផ្តាច់ព្រ័ត្រអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ រិន ដេវីដ ក្លិបនាគរាជចតុមុខ ប៉ះអ្នកប្រដាល់ចាស់វស្សា យ៉ន ពិសី ក្លិបសាលវ័ន្ដកីឡាដណ្តើរជើងឯក និងប្រាក់រង្វាន់ ។
សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះអ្នកអ្នកប្រដាល់ខ្លាំងស្រករក្រោយរិន ដេវីដ និងអ្នកប្រដាល់ ចាស់វស្សា យ៉ន ពិសី សុទ្ធតែជាអ្នកខ្លាំងដូចគ្នាដោយពួកគេធ្លាប់ដួលគូរប្រកួតកន្លងមកឲ្យចាញ់ទំាងមិនអស់ចិត្តក្រោមថ្វីដៃ និងជើងរបស់អ្នកទំាង២នាក់។ ដេវីដជាអ្នកប្រដាល់វ័យក្មេងដែលមានចរឹកឆេវឆាវបន្តិចនៅលើសង្វៀនដោយមិនចេះអនុគ្រោះឲ្យគូប្រកួតឡើយ គឺបើគេស៊ីបាននោះគេស៊ីភ្លាមដោយមិនរង់ចាំយូរឡើយ ព្រមទំាងជាអ្នកប្រដាល់ចូលចិត្តវ៉ៃប្ដូរកែង និង ជង្គង់ជាមួយគូប្រកួត ដោយគ្មានញញើត ។
ចំពោះយ៉ន ពិសី វិញ ចេះប្រើស្នៀតវ៉ៃតាមរបៀមមនុស្សចាស់ ដោយមិនឆេវឆាវឡើយ ព្រោះកម្លាំងរបស់គេមិនដល់ដេវីដ ហើយមិនមែនជាឧបសគ្គដល់ពិសីឡើយដោយសារតែការប្រកួតនេះមានរយៈ ពេលត្រឹមតែ៣ទឹក។ ពិសីប្រកួត ចំនួន៤០ដង ឈ្នះ៣០ដង ចាញ់៧ដងស្មើពិន្ទុ៣ដង និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់បានចំនួន១២ ដង ហើយរិន ដេវីដប្រកួតចំនួន៥៩ដង ឈ្នះ៤៥ដង ចាញ់១២ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួត ឲ្យសន្លប់បានចំនួន២ដង ។
ចំណែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣វិញនោះ អ្នកប្រដាល់កណ្ដាប់ដៃធ្ងន់សាន់ សំអុន ក្លិបអារុណរះកីឡា ជួបប្រកួតជាមួយ អ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធ។អ្នកប្រដាល់ជើងខ្លាំងណាលើពាននឹងទទួលបានប្រាក់រង្វាន់អមចំនួន៤.០០០ដុល្លារ រីឯជើងឯករង ទទួលបាន២,០០០ដុល្លារ ចំណាត់ថ្នាក់លេខ៣ បានទទួលរង្វាន់ចំនួន៧៥០ដុល្លារ និងចំណាត់ថ្នាក់លេខ៤មានរង្វាន់លួងចិត្តចំនួន៥០០ដុល្លារ៕