កីឡា

ការប្រកួតកីឡាទ្រីយ៉ាត្លុង ជើងឯកជាតិ ឆ្នាំ២០២០ ចាប់ផ្ដើមជាផ្លូវការហើយ នាថ្ងៃនេះនៅខែកែប

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ទ្រីយ៉ាត្លុងជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ ដែលប្រព្រឹត្តនៅខេត្តកែប បានចាប់ផ្ដើមជាផ្លូវការហើយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយការប្រកួតនេះ មានចំនួន៣វិញ្ញាសាគឺទ្រីយ៉ាត្លុង(Triathlon) ឌូអាត្លុង (Duathlon) និង អាគ័រត្លុង(Aquathlon) ដោយគាំទ្រថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា។

អ្នកស្រី សូ រ៉ាន់ដេត ជាប្រធានគណៈកម្មការ បច្ចេកទេស បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃដំបូង គឺសហព័ន្ធផ្ដល់ឳកាស ដល់កីឡាករ-កីឡាការិនី បានហ្វឹកហាត់សិនហើយនៅថ្ងៃ បន្ទាប់ការប្រកួតនឹងចាប់ផ្ដើម សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុងមានកីឡាករ ចូលរួមចំនួន១៤រូប និងកីឡាការិនីចំនួន៤រូប ។

សម្រាប់វិញ្ញាសានេះ ត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹក ចម្ងាយ៧៥០ម៉ែត្រ បន្ទាប់ជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការ រត់ចម្ងាយ ៥គីឡូម៉ែត្រ ចំពោះប្រភេទកីឡាឌូអាត្លុង មានកីឡាករចូលរួមចំនួន២០រូប និង កីឡាការិនីចំនួន១២រូប ។ ប្រភេទវិញ្ញាសានេះចាប់ផ្ដើម ដោយការរត់ចម្ងាយ៥ គីឡូម៉ែត្រ បន្ទាប់មកប្រណាំងកង់ ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ និងប្រភេទវិញ្ញាសាអាគ័រត្លុង មានអ្នកចូលរួមប្រកួត ចំនួន៥រូបតែប៉ុណ្ណោះ ។

លោក ងិន សុខបញ្ញា ជាអគ្គលេខាធិការ របស់សហព័ន្ធបានឲ្យដឹងថា អាគ័រត្លុងនេះគឺប្រកួតសម្រាប់ប្រភេទអាយុក្រោម១៦ឆ្នាំ ចំណែកអាគ័រត្លុង ចាប់ផ្ដើមដោយការហែលទឹក ចម្ងាយ៣៥០ម៉ែត្រ និងបញញចប់ ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ ៕ដោយ៖លី ភីលីព

Most Popular

To Top