កីឡា

គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នឹងធ្វើមហាសន្និបាត ចុងខែកុម្ភៈនេះ

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដឹកនាំកិច្ចប្រជុំ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន ដើម្បីត្រួតពិនិត្យតាមដានសកម្មភាពការងារ ក៏ដូចជាត្រៀមរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត សម្រាប់ឆ្នាំ២០២១ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២៥ ខែកុម្ភៈ ឆាប់ៗនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នេះជាកិច្ចប្រជុំជាទៀងទាត់រៀងរាល់ ៣ខែម្តងដែលនេះជាយន្តការ ត្រួតពិនិត្យតាមដានក៏ដូចជាត្រៀមរៀបចំ មហាន្និបាតបូកសរុបលទ្ធផលការងារ និងលើកលើកទិសដៅបន្ត ប្រចាំឆ្នាំ២០២១ នាថ្ងៃទី២៥ ខែកុម្ភៈខាងមុខឆាប់ៗនេះ។

លោកអគ្គលេខាធិការបន្ថែមថា នៅក្នុងមហាសន្និបាត របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាចុងខែកុម្ភៈនេះនឹងរំលេចចេញ នូវគោលការណ៍វិធានការក៏ដូចជា ការសម្រេចចិត្តនូវនយោបាយមួយចំនួន ដើម្បីបន្តការអភិវឌ្ឍវិស័យកីឡាជាតិ ជាពិសេសលើផ្នែកជំនាញ បច្ចេកទេសគុណផលកីឡា រួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡាក្នុងគោលដៅឈានទៅ រកប្រសិទ្ធភាពពិតប្រាកដចាប់ពីឆ្នាំ២០២១ រហូតដល់អំឡុងពាក់កណ្តាលឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំស៊ីហ្គេម លើកទី៣២តែម្តង។ ពេលនេះយើងត្រូវតែត្រៀមលក្ខណៈ ឲ្យបានរួចរាល់ដោយត្រូវបាន វិធានការរបៀបថ្មីនៃរបត់ថ្មីម្រាប់ ផែនការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យបានទាន់ពេលវេលា។

លោកបណ្ឌិត ថោង ខុន បានត្រួតពិនិត្យមើលលើ លទ្ធផលការងារឆ្នាំ២០២០ កន្លងមក ដែលជាឆ្នាំនៅក្នុងស្ថានភាព វិបត្តិជំងឺកូវីដ១៩ប៉ុន្តែយើងអ្វីដែលជាស្នាដៃ នៃសមិទ្ធផលរបស់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ដែលសម្រេចបានក្នុងឆ្នាំ២០២០ ក៏ត្រូវបាលើកបង្ហាញ រួមទាំងបញ្ហាប្រឈម ចំណុចខ្វះខាត ដើម្បីកែសម្រួលតម្រង់ ទិសស្វែងរកផែនការយុទ្ធសាស្ត្រថ្មីៗ សម្រាប់គោលដៅបន្ត ក្នុងការសម្រួចគោលដៅចូលរួមរៀបចំ ជាមួយគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយបានកំណត់ថា ឆ្នាំ២០២១នេះ គឺជាពេលវេលាចាប់ផ្តើមរៀបចំស៊ីហ្គេម (Games Operation Time)។

លោកបណ្ឌិត បានសង្កត់ធ្ងន់ហើយថា អ្វីដែលប៉ះពាល់ដល់ដំណើរការ នៃការអភិវឌ្ឍបច្ចេកទេស ឬសហព័ន្ធកីឡាជាតិណាខ្លះ ដែលមិនទាន់រឹងមាំដែលជាក្តីបារម្ភ ក្នុងការអភិវឌ្ឍបច្ចេកទេសនោះគឺ យើងត្រូវតែរួមគ្នាកែសម្រួល លើកិច្ចការទាំងអស់នោះ ដើម្បីកសាងសមត្ថភាពរបស់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យកាន់តែរឹងមាំ ក្នុងរយៈពេល២ឆ្នាំកន្លះ។

អ្វីដែលសំខាន់ក្នុងកិច្ចប្រជុំនេះ គឺសមាជិកប្រតិបត្តិទាំងអស់មានមូលមតិគ្នា ឯកភាពគ្នា ជាមួយឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាង ក្រសួងអប់រំយុវជន និងកីឡា ដើម្បីបន្តកិច្ចពិភាក្សារួមគ្នា ដោយរៀបចំនូវចំណុចខ្វះខាត ឲ្យទៅជាកម្លាំងបង្គុំពិសេសមួយ ឆ្ពោះទៅរកភាពរីកចម្រើនលើផ្នែកបច្ចេកទេស ដែលក្នុងនោះយើងនឹងពិនិត្យចាប់តាំង ពីពេលវេលានៃការហ្វឹកហាត់ បញ្ហាប្រឈមរបស់អត្តពលិក គ្រូបង្វឹក មន្ត្រីកីឡាទាំងអស់។

ជាមួយគ្នានោះ លោកក៏បានចាត់ទុកថា កិច្ចប្រជុំនេះគឺជាការឆ្លុះបញ្ចាំង អំពីខ្លឹមសារនៃអង្គមហាសន្និបាត ចុងខែកុម្ភៈនេះផងដែរ ដែលយើងនឹងទទួលបានធាតុចូល បន្ថែមទៀតពីសហព័ន្ធកីឡាជាតិនានា ដើម្បីដាក់ចេញនូវផែនការពិសេសមួយ ក្នុងដំណើរឆ្ពោះទៅរួមគ្នា នៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ៕

Most Popular

To Top