កីឡា

រកឃើញជើងខ្លាំង នៃការប្រកួតកីឡាវាយកូនបាល់ ជើងឯកថ្នាក់ជាតិ

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោកស្រីឧត្តមសេនីយ៍ ស៊ុំ សុខា នាយករងមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ, លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា ព្រមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាបានអញ្ជើញចូលរួម ក្នុងពិធីបំពាក់មេដាយដល់ជ័យលាភី ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ដែលបានដំណើរការអស់រយៈពេល ៤ថ្ងៃនេះបានបញ្ចប់ជាមួយ នឹងលទ្ធផលល្អប្រសើរ។ ការប្រកួតយនេះធ្វើឡើងក្រោម គម្រោងគម្រោងថវិកាគាំទ្ររបស់ ក្រសួងអប់រំយុជននិងកីឡា។ មន្ត្រីនិងអនុគណៈកម្មការ គ្រប់ផ្នែកទាំងអស់បានបំពេញតួនាទី ដោយការទទួលខុសត្រូវខ្ពស់លើ ភារកិច្ចរបស់ខ្លួន ។

អគ្គលេខាធិការរងរូបនេះបន្ថែមថា វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៤ ដោយមានប្រកួតសរុបចំនួន ៣៧ប្រកួត និងមានក្លិប រាជធានី-ខេត្តចូលរួមចំនួន១០ សរុបកីឡាករ ៤៤នាក់ និងកីឡាការិនី ៤នាក់។ ក្រោយពីបញ្ចប់ការប្រកួតនេះទៅ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សម្រិតសម្រាំងបានកីឡាករ កីឡាការិនី ដែលមានបច្ចេកទេសខ្ពស់ ប្រកបដោយទេពកោសល្យ និងសមត្ថភាព ដែលអាចទៅចូលរួមការប្រកួតប្រជែង លើឆាកអន្តរជាតិ ជាពិសសេគឺការប្រកួតប្រជែង ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

ជ័យលាភីទាំង៤វិញ្ញាសានេះរួមមាន៖ វិញ្ញាសាវាយឯកត្តជននារី លេខ១មេដាយមាស កីឡាការិនី ញែម ស្រីណុច ខេត្តសៀមរាប, វាយឯកត្តជនអាយុក្រោម១៨ឆ្នាំ មេដាយមាស ឡេង សារិនរាជ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វាយគូបុរស មេដាយមាស កីឡាករ ប៊ុន កេន្នី និងកីឡាកីឡាករ ទេព ទីម៉ូធី ក្លិបឌីវេនខូ និងវិញ្ញាសាវាយឯកត្តជន បុរសម្នាក់ទល់ម្នាក់ មេដាយមាស កីឡាករ ប៊ុន កេន្នី ក្លិបឌីវេនខូ។ ក្រៅពីមេដាយមាសក៏មានជ័យលាភី មេដាយប្រាក់និងសំរឹទ្ធលើវិញ្ញាសាទាំង ៤នេះដូចៗគ្នា ដែលក្នុងនោះក្រសួងការពារជាតិ ឈ្នះមេដាយមាស២វិញ្ញាសា និងមេដាយសំរឹទ្ធ ២វិញ្ញាសា ៕

ដោយ៖ លី ភីលីព

Most Popular

To Top