កីឡា

បិទសិក្ខាសាលា ស្តីពីការណែនាំ ការអភិវឌ្ឍ មុខវិជ្ជាអប់រំកាយ សម្រាប់គម្រោង អប់រំកាយសម្រាប់ ទាំងអស់គ្នា”

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក បឹង គីមតោ ប្រធាននាយកដ្ឋាន សិស្សនិស្សិតបានអញ្ជើង ចូលរួមពិធីបិទសិក្ខាសាលាស្តីពី “ការណែនាំការអភិវឌ្ឍ មុខវិជ្ជាអប់រំកាយ ” សម្រាប់គម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” ក្នុងបំណងស្វែងយល់ ពីផែនការក្នុងការអភិវឌ្ឍ សកម្មភាពអប់រំកាយបែបថ្មី សម្រាប់គ្រឹះស្ថានបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

លោក ព្រុំ ប៊ុណ្ណយី បានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ កោតសរសើរ ព្រមទាំងនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង និងប្រវត្តិសាស្ត្រ របស់អង្គការមិនមែនរដ្ឋាភិបាល បេះដូងមាស រួមមានសៀវភៅកម្មវិធីសិក្សាលម្អិត មុខវិជ្ជាអប់រំកាយ នៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិសៀវភៅ អប់រំកាយសម្រាប់គ្រូនៅបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងជួយសម្របសម្រួល ការចងក្រងសៀវភៅ នៅមធ្យមសិក្សាទុតិយភូមិ ដែលត្រូវបញ្ចប់ និងបោះពុម្ពជាផ្លូវការនៅឆ្នាំ២០២១នេះ ក្នុងនោះផងដែរ អង្គការមិនមែន រដ្ឋាភិបាល បេះដូងមាស ដែលបានបន្តកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីអភិវឌ្ឍសកម្មភាពអប់រំកាយបែបថ្មីសម្រាប់គម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” សម្រាប់គ្រឹះស្ថានបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា ដែលនឹងត្រូវចាប់ផ្តើមដំណើរការរយៈពេល៤ឆ្នាំ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅរហូតដល់ ខែមករា ឆ្នាំ២០២៥ ក្រោមកម្មវិធីភាពជាដៃគូរបស់ JICA “JICA Partnership Program” ការបន្តកិច្ចសការនេះ បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលជប៉ុន នៅតែផ្តោតការយកចិត្តទុកដាក់ ក្នុងការរួមចំណែកលើកកម្ពស់ វិស័យអប់រំនៅកម្ពុជា ក្នុងនោះមានការងារអប់រំកាយ សម្រាប់សិស្សានុសិស្ស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីបឋមសិក្សា រហូតដល់មធ្យមសិក្សា សិក្សាទុតិយភូមិ ទាំងការរៀបចំឯកសារ កម្មវិធីសិក្សាលម្អិតមុខវិជ្ជាអប់រំ កាយ សម្រាប់មធ្យមសិក្សាទុតិយភូមិ និងសៀវភៅអប់រំកាយ សម្រាប់គ្រូជាដើម ។ល។

លោកបានបន្តថា ជាទីបញ្ចប់លោកសូមថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនតែងតែជួយ ដល់កម្ពុជាជានិច្ច ជាពិសេសអនុវិស័យអប់រំកាយ និងកីឡា ដែលយើងទទួលបាននៅធនធានមនុស្សផ្នែកអប់រំកាយ និងកម្មវិធីសិក្សា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នឹងនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត ដើម្បីឆ្លើយតបទៅ នឹងកិច្ចសហប្រតិបត្តិការដ៏មាន សារសំខាន់ជាមួយអង្គការ មិនមែនរដ្ឋាភិបាលបេះដូងមាស ខ្ញុំសូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងក្រេបយកនូវ “ការណែនាំផែនការ អភិវឌ្ឍមុខវិជ្ជាអប់រំកាយ” ពីព្រោះមុខវិជ្ជាអប់រំកាយ ជាមុខវិជ្ជា កាតព្វកិច្ច ដែលសិស្សានុសិស្សចាប់ពីបឋមសិក្សា រហូតដល់មធ្យមសិក្សា ទុតិយភូមិត្រូវតែអនុវត្តឱ្យបានពីរម៉ោង ក្នុងមួយសប្តាហ៍ស្រប តាមក្របខណ្ឌកម្មវិធី សិក្សាចំណេះទូទៅនិងអប់រំបច្ចេកទេស ។ ដូចនេះសិក្ខាកាមទាំងអស់ត្រូវតែលះបង់ និងគោរពពេលវេលាដែលបានកំណត់ ។

សង្ឃឹមជឿជាក់យ៉ាងច្បាស់ថា ឆ្លងតាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង ថ្មីបន្ថែមទៀតក្នុងការអភិវឌ្ឍមុខវិជ្ជា អប់រំកាយបែបថ្មី សម្រាប់គ្រឹះស្ថានបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ៕

Most Popular

To Top