ភ្នំពេញ ៖ នៅសល់ពេល៨០០ថ្ងៃគត់ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលកម្ពុជាកំពុងធ្វើដំណើរ ក្នុងការឆ្ពោះទៅទទួលរៀបចំ ធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយពីកម្ពុជា បានប្រារព្ធពិធី រាប់ថយក្រោយជាផ្លូវការ១០០០ថ្ងៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។
ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ នូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានថ្លែងថា ក្នុងពេលវេលានៅសល់ ៨០០ ថ្ងៃនេះកម្ពុជាកាន់តែខិតខំបង្កើនគុណផលកីឡា ។ ដោយលោកបានដាស់តឿនដល់កីឡាករ កីឡាការិនី គ្រូបង្វឹកគ្រប់ប្រភេទកីឡាទាំងអស់ ស្វែងរកលទ្ធភាពក្នុងការហ្វឹកហាត់ ឲ្យកាន់តែមុតស្រួចខ្លាំងក្លា ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាបង្កើនឲ្យបាន នូវសិទ្ធផលរបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។
លោកក៏បានក្រើនរំលឹកដល់មន្ត្រីកីឡា និងភាគីពាក់ព័ន្ធទាំងអស់ បន្តរាប់ថយក្រោយ និងចូលរួមធ្វើកិច្ចការនានា ដើម្បីធ្វើឲ្យប្រាកដប្រជា នៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឲ្យដំណើរការដោយរលូន និងជោគជ័យជាជំហានផងដែរ។
បច្ចុប្បន្នស្លាកសញ្ញា (LOGO) និមិត្តសញ្ញា (Mascot) និងបាវចនា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ «កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE» កំពុងត្រូវបានប្រើប្រាស់ និងបញ្ជ្រាបការផ្សព្វផ្សាយ បន្ទាប់ពី CAMSOC បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០៕
