កីឡា

ទិវារត់ប្រណាំងកម្សាន្តស្រ្តី ៨ មីនា ត្រូវផ្អាកជាផ្លូវការ ចូលរួមទប់ស្កាត់ មេរោគCOVID-19 សហគមន៍២០កុម្ភៈ

ភ្នំពេញ ៖ ​ព្រឹត្តិការណ៍ សហគន៍២០ កុម្ភៈ នៃការឆ្លងមេរោគCOVID-19 ទិវារត់ប្រណាំង កម្សាន្តស្ត្រី និងកីឡា ៨ មីនា និងកិច្ចប្រជុំមួយចំនួនរួម ទាំងសកម្មភាពលេង កីឡាលក្ខណៈប្រមូលផ្តុំត្រូវបានផ្អាក ជាបណ្តោះអាសន្ន ជាបន្តបន្ទាប់ តាយរយៈលិខិតប្រកាស ស្តីពីការផ្អាកសកម្មភាព កីឡាដោយឡែកៗពីគ្នា ។

គណៈកម្មាធិការរជាតិ អូឡាំពិកកម្ពុជា បានចេញសេចក្តី ប្រកាសព័ត៌មានមួយដែរ ដោយផ្អាក «ទិវារត់ប្រណាំងកម្សាន្តស្ត្រី និងកីឡា ដែល NOCC និងក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំទិវានេះ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១ ។ សេចក្តីប្រកាសនេះ បានជម្រាប ជូនដល់កីឡាករ-កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រ ទាំងអស់ថា ទិវាកីឡាទេសចរណ៍រត់ប្រណាំង កម្សាន្តស្ត្រី និងកីឡា លើកទី២ ឆ្នាំ២០២១ ត្រូវបានផ្អាក ដោយសារមេរោគ COVID-19 នៅមានវត្តមាន នៅក្នុងប្រទេសកម្ពុជា និងមានការរីករាលដាលខ្លាំង ក្នុងតំបន់ និងពិភពលោកនៅឡើយ ដូច្នេះ ដើម្បីការពារសុខភាព និងសុវត្ថិភាព របស់កីឡាករ កីឡាការិនីទាំងអស់ និងអនុវត្តតាមសេចក្តី ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ។

គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងក្រសួងទេសចរណ៍ស្នើដល់កីឡាករ-កីឡាការិនី និងអ្នកឧបត្ថម្ភគាំទ្រទាំងអស់ មានការយោគយល់ និងចូលរួមតាមសភាពការណ៍ជាក់ស្តែង។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងនឹងរៀបចំមហាសន្និបាត របស់ខ្លួន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានលើកពេល ជាបណ្តោះអាសន្ន ខណៈកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ប្រចាំសប្តាហ៍ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ក៏ត្រូវបានផ្អាកសកម្មភាព ប្រជុំជាបណ្តោះអាសន្ន ដូចគ្នាផងដែរ ដើម្បីចូលរួមទប់ស្កាត់ ការចម្លងមេរោគCOVID-19 ក្នុងសហគន៍២០កុម្ភៈ ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចេញលិខិតផ្លូវការមួយ ជម្រាបជូនអភិបាល នៃគណៈអភិបាលរាជធានី-ខេត្តចំនួន៣ ស្នើឲ្យផ្អាកដំណើរការ អាជីវកម្មក្លិបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទទាំងអស់ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាន្ន ។

ការផ្អាកសកម្មភាពកីឡានេះ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា និងដើម្បីជៀសវាងការរីករាល់ដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន។ ការស្នើឲ្យផ្អាកនៅខេត្តរាជធានី-ខេត្តទាំងនេះ ត្រូវបានបន្តរហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍៕ដោយ៖លី ភីលីព

Most Popular

To Top