ភ្នំពេញ ៖ លោក ហ៊ុន បូរី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រ បាននិយាយថា សហព័ន្ធត្រៀមបញ្ជូនគ្រូបង្វឹក កម្រិត២ ទៅសិក្សាវគ្គគ្រូបង្វឹក (Scholarships for trainer course) នៅប្រទេសអាឡឺម៉ង់ រយៈពេល១២ខែ សម្រាប់ឆ្នាំ២០២១-២០២២ ក្រោយពីធ្លាប់បញ្ជូន ទៅសិក្សា៣នាក់ហើយ។
លោកបានបន្តថា ការិយាល័យកិច្ចការបរទេស នៃស្ថានទូតអាល្លឺម៉ង់ នៅរាជធានីភ្នំពេញ ប្រកាសផ្តល់ អាហារូបករណ៍សម្រាប់វគ្គគ្រូបង្វឹក (Scholarships for trainer course) នៅសមាគមកីឡាអត្តពលកម្មអាល្លឺម៉ង់ សហការជាមួយសាកលវិទ្យាល័យដៃគូរ នៅប្រទេសអាល្លឺម៉ង់ រយៈពេល១២ខែ សម្រាប់ឆ្នាំ២០២១-២០២២ ក្នុងកម្រិតសញ្ញាបត្រ Athletics Coaching Diploma។ សម្រាប់បេក្ខជន ជាគ្រូបង្វឹកដែលគិតថា ខ្លួនមានសមត្ថភាព និងចេះភាសាជំនាញ ត្រូវតែទៅការិយាល័យ កិច្ចការបរទេស នៃស្ថានទូតអាល្លឺម៉ង់ នៅរាជធានីភ្នំពេញ ដើម្បីសុំពាក្យដោយខ្លួនឯង ហើយរួចមកសហព័ន្ធ នឹងចេញលិខិតស្គាល់ជាផ្លូវការ ។
លោកអគ្គលេខាធិការបន្ថែមទៀតថា កន្លងមកសហព័ន្ធខ្មែរ អត្តពលកម្មស័្មគ្រ ធ្លាប់បញ្ជូនគ្រូបង្វឹកកម្រិត២ ចំនួន៣នាក់ ក្រោយពីការសិក្សា លោកបានមកចំណេះវិជ្ជាជួយបង្ហាត់បង្រៀន ដល់កីឡាករ-កីឡាការិនី អត្តពលកម្មកម្ពុជា យើងដូចជាលោកបូ ពុធរាត្រី ជាអគ្គលេខាធិការរង និងលោក រ័ត្ន សុជាតិ ជាគ្រូបង្វឹក។ ចំណែកលើកនេះសហព័ន្ធប្រហែលបញ្ជូន គ្រូបង្វឹកជាស្រ្តីដំបូង របស់សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រ គឺកញ្ញា សុខ ស្រីលក្ខណ៍ហើយ៕ដោយ៖លី ភីលីព