កីឡា

Gerrard ស្រមៃ​ចង់​មក​ដឹកនាំ​ Liverpool តែ​ពេលវេលា​មិន​ស័ក្តសម

Steven Gerrad បាន​​បង្ហាញ​ចេតនា​ថា ក្ដី​ស្រមៃ​របស់​គេ​ចង់​ក្លាយ ​ជា​អ្នក​ចាត់​ការ​របស់ Liverpool ប៉ុន្តែ​​​ពេល​នេះ​គេ​ចង់​ឲ្យ Jurgen Klopp បន្ត​នៅ Anfield ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។

អនាគត​របស់ Klopp កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជា​ច្រើន បន្ទាប់​ពី​លោក​បាន​ដឹក​នាំ Liverpool ចាញ់​ផ្ទួន​ៗ​​ក្នុង Premier League ខណៈ​បច្ចុប្បន្ន​ក្លឹប​កំពុង​ស្ថិត​នៅ​លេខ​៨។ Gerrard ថ្មី​ៗ​នេះ​​លេចឮ​មាន​ការ​ទាក់ទង​ឲ្យ​ត្រឡប់​មក​ធ្វើ​ជា​អ្នកចាតការ​នៅ Anfield បន្ទាប់​ពី​លោក​​ទើបតែ​បាន​ជួយ Rangers ឈ្នះ​ពាន​នៅ​លីគ​កំពូល​ប្រទេស​ស្កុតឡែន។

ត្បិត​តែ​មាន​ការ​ទាក់ទង​បែប​នេះ​ក្ដី ប៉ុន្តែ​ Gerrard បាន​និយាយ​ថា លោក​មិន​ទាន់​ចប់​កិច្ចការ​នៅ Rangers នៅ​ឡើយ​ទេ។ សាកសួរ​ក្នុង​កិច្ចសម្ភាសន៍ ​​អំពី​បំណងប្រាថ្នា​មក​ដឹក​នាំ Liverpool អតីត​ជម្រើសជាតិ​អង់គ្លេស​បាន​និយាយ​ថា៖ “ពួក​យើង​មិន​គួរ​និយាយ​អំពីរ​រឿង​នេះ​ទេ ។ ពួក​យើង​កំពុង​មាន​អ្នក​ចាត់ ការ​ល្អ​ម្នាក់​កំពុង​កាន់​​ក្រុម​របស់​ពួក​យើង​គ្រប់​នាទី​ហើយ ។ ខ្ញុំ​ចូល​ចិត្ត​គាត់ (Klopp)។ ខ្ញុំ​សង្ឃឹម​ គាត់​នឹង​បន្ត​នៅ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត”។

អ្នក​ចាត់​ការ​វ័យ​៤០​បន្ត​ថា លោក​មាន​ការងារ​នៅ Rangers ហើយ។ ពិត​ណាស់​ក្ដី​ស្រមៃ​ធ្វើ​​ជា​អ្នកចាត់ការ​របស់ Liverpool មាន​ក្នុង​ចិត្ត​របស់​លោក ប៉ុន្តែ​មិនមែន​ពេល​នេះ​ទេ។ គ្រប់គ្នា​តែ​ផ្ដល់​តម្លៃ​និង​គោរព​ដល់ Klopp៕

Most Popular

To Top