កីឡា

De Jong ​៖ Neymar ​អត់​បាន​លេង ​គឺ​ជា​រឿង​ងាយ​ស្រួល​ សម្រាប់ Barca ​វាយ​បក​

​ក្រុម FC Barcelona ​នឹង​ត្រូវ​ទៅ​សួរ​សុខទុក្ខ​ក្រុម PSG ​ដល់​ទឹក​ដី​បារាំង ​សម្រាប់​ការ​ប្រកួត ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​២​នៅ​យប់​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ខ្សែ​ប្រយុទ្ធ Neymar ​នឹង​មិន​អាច​ចូល​លេង​ជួយ​ក្រុម PSG ​បាន​ទេ ដោយសារ​តែ​របួស​របស់​គេ​មិន​ទាន់ ​ជា​សះស្បើយ​ពេញ​លេញ ។ ​ការ​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់​រូប​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ហាក់​ មាន​សង្ឃឹម​ច្រើន​បន្តិច ព្រោះ​ក្រុម​អ្នក​មាន​បារាំង ​នឹង​ខ្សោយ​ នៅ​តំបន់​ប្រយុទ្ធ​ម្នាក់​ជាក់​ជា​មិន​ខាន។

​មុន​ការ​ប្រកួត​កាត់​ សេចក្ដី​ខាង​លើ​ចាប់​ផ្ដើម ​ខ្សែ​បម្រើ De Jong ​របស់​ក្រុម​អ្នក​មាន​បុណ្យ​បាន​និយាយ​ថា​៖ “សម្រាប់​ខ្ញុំ ​គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់ ​នៅ​លើ​លោក​នេះ ។ ​ពេល​គាត់​មិន​នៅ វា​នឹង​ផ្ដល់​ភាព​ល្អ ​ឬ​ងាយ​ស្រួល​សម្រាប់​យើង។ ​ខ្ញុំ​មិន​ដឹង​ត្រូវ​បញ្ជាក់​យ៉ាង​ណា​ទេ ប៉ុន្តែ​គ្មាន Neymar ​នៅ​ក្រុម​ម្ខាង​ទៀត វា​នឹង​ងាយ​ស្រួល​មិន​ខាន”។

​រំលឹក​ថា​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Barcelona ​បាន​បរាជ័យ​ក្នុង​លទ្ធផល ៤-១ ​ទៅ​ហើយ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ​វិញ ពួកគេ​ត្រូវ​ការ​ឈ្នះ ​៣-០ ​ឡើង ទើប​អាច​បន្ដ​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៀត​បាន៕

Most Popular

To Top