GENEVA៖ ប្រទេសចិន បានពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយផ្តល់ការចាក់វ៉ាក់សាំង សម្រាប់អត្តពលិក ខណៈការរិះគន់ នៃប្រទេសម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២២ នៅតែបន្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
IOC បានចាប់ដៃគូ ជាមួយគណៈកម្មាធិការអូឡាំពិកចិន ដើម្បីទិញ និងផ្តល់វ៉ាក់សាំង សម្រាប់ប្រជាជនដែលចូលរួម ក្នុងការប្រកួតនាពេលខាងមុខទាំងនៅតូក្យូ និងប៉េកាំង។ លោក Thomas Bach ប្រធាន IOC បាននិយាយនៅក្នុងកិច្ចប្រជុំ តាមអ៊ីនធើណេតរួមមាន មេដឹកនាំកីឡា និងគណៈកម្មាធិការ រៀបចំព្រឹត្តិការណ៍អូឡាំពិក នាពេលខាងមុខថា យើងសូមថ្លែងអំណរគុណ ចំពោះការផ្តល់ជូននេះ។
លោក Bach បានបន្តថា IOC នឹងចំណាយប្រាក់បន្ថែម សម្រាប់អ្នកចូលរួមអូឡាំពិក និងប៉ារ៉ាឡាំពិកអូឡាំពិកទីក្រុងតូក្យូ គ្រោងនឹងបើកនៅថ្ងៃទី ២៣ ខែកក្កដា ហើយការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងគ្រោង នឹងធ្វើឡើងនៅខែកុម្ភៈ។ កិច្ចព្រមព្រៀងនេះ គឺជាជ័យជម្នះដ៏មានកេរ្តិ៍ឈ្មោះ សម្រាប់ប្រទេសចិន នៅពេលអូឡាំពិកផ្ទាល់ខ្លួន ត្រូវបានគេរិះគន់យ៉ាងខ្លាំង។
ក្រុមសកម្មជន បានព្យាយាមដាក់ឈ្មោះថា ល្បែងប្រល័យពូជសាសន៍ “Genocide Games” ដោយសារតែការឃុំឃាំងជនជាតិចិន Uyghur របស់ខ្លួននៅក្នុងជំរុំពន្ធនាគារ។ ក្រុមអ្នកធ្វើយុទ្ធនាការ គាំទ្រលទ្ធិប្រជាធិបតេយ្យ ក៏បានភ្ជាប់ទំនាក់ទំនងកីឡាអូឡាំពិក ទៅនឹងការតវ៉ាអំពីហុងកុង និងទីបេផងដែរ។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា លោកជឿជាក់ថា អំពើប្រល័យពូជសាសន៍ កំពុងត្រូវបានប្រព្រឹត្ត ប្រឆាំងនឹងជនជាតិភាគតិច នៅក្នុងខេត្តស៊ីនជាំងប្រទេសចិន។ IOC និង Bach ជាធម្មតាបានបង្វែរសំណួរ អំពីកំណត់ត្រារបស់ប្រទេសចិន ស្តីពីសិទ្ធិមនុស្ស ហើយបាននិយាយថា អង្គភាពអូឡាំពិក អាចមានឥទ្ធិពលលើគម្រោង ដែលទាក់ទងដោយផ្ទាល់ ទៅនឹងការរៀបចំការប្រកួត៕ ដោយ៖លី ភីលីព