កីឡា

USOPC៖ អត្តពលិកសហរដ្ឋអាមេរិក ត្រូវចាក់វ៉ាក់សាំង មុនព្រឹត្តិការណ៍អូឡាំពិកមកដល់

ទីក្រុង LOS ANGELES៖ ប្រធានអូឡាំពិកសហរដ្ឋអាមេរិក បាននិយាយថា ពួកគេរំពឹងថា អត្តពលិក ដែលចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ នឹងត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងមេរោគ COVID-19 មុនព្រឹត្តិការណ៍កីឡា នៅពេលកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង របស់សហរដ្ឋអាមេរិក បានឈានចូលមកដល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

នៅក្នុងសុន្ទរកថាសន្និសីទ ជាមួយអ្នកយកព័ត៌មាន លោកស្រី Sarah Hirshland នាយកប្រតិបត្តិ នៃគណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក បាននិយាយថា ល្បឿន នៃការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង សហរដ្ឋអាមេរិកមានន័យថា អត្តពលិក អាចត្រូវបានទទួលការចាក់វ៉ាក់សាំង មុនពេលការសាកល្បង និងវគ្គជម្រុះសម្រាប់ទីក្រុងតូក្យូ។

លោកស្រី Hirshland បន្តថា យើងមានសុទិដ្ឋិនិយម ជាងពេលណាៗទាំងអស់ ដែលសង្ឃឹមថា ក្រុមអត្តពលិក Team USA នឹងត្រូវបានចាក់វ៉ាក់សាំង បានយ៉ាងងាយស្រួល មុនពេលព្រឹត្តិការណ៍កីឡា ហើយសង្ឃឹមថា អ្នកខ្លះទំនងជាមុនពេល ការសាកល្បងរបស់ពួកគេ ។ ស្ថានភាពវ៉ាក់សាំង កំពុងមានលក្ខណៈវិជ្ជមាន លើមូលដ្ឋាននៃអត្តពលិក អាចនឹងទទួលបានវ៉ាក់សាំងឆាប់ជាងអ្វី ដែលយើងបានគិតពីដំបូង។

នេះជាដំណឹងដ៏អស្ចារ្យ ហើយយើងមានអារម្មណ៍វិជ្ជមាន ចំពោះការរីកចម្រើន ដែលយើងកំពុងមើលឃើញ នៅសហរដ្ឋអាមេរិក ទាំងគុណប្រយោជន៍ដល់អត្តពលិកសហរដ្ឋអាមេរិក ក៏ដូចជាអត្តពលិកអន្តរជាតិរស់នៅ និងបណ្តុះបណ្តាល នៅក្នុងប្រទេសរបស់យើង នាពេលបច្ចុប្បន្ននេះ។

ប្រជាជនប្រមាណ ៦២ លាននាក់នៅសហរដ្ឋអាមេរិក បានទទួលវ៉ាក់សាំងមួយ ឬច្រើនដូចជាប្រហែល ១៩ ភាគរយ នៃចំនួនប្រជាជនពេញវ័យ ខណៈសេតវិមានបានកំណត់គោលដៅ ចាក់ថ្នាំបង្ការប្រជាជនពេញវ័យចំនួន ២៧០ លាននាក់នៅត្រឹមខែឧសភា៕ ដោយ៖លី ភីលីព

Most Popular

To Top