ភ្នំពេញ ៖ កីឡាប្រដាល់ ឃីកបុកស៊ីង ស្ថិតក្នុងប្រភេទកីឡា មានសក្តានុពល ក្នុងចំណោមកីឡាទំាង១៤ប្រភេទ របស់ប្រទេស កម្ពុជា សម្រាប់ការ ដណ្តើមមេដាយ ជូនជាតិ នៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។
លោក ហេង សុខន បានមានប្រសាសន៍ តាមសាអេឡិត្រូនិចថា សហព័ន្ធបានត្រៀមកម្លាំង រួចជាស្រាចសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម ដើម្បីដណ្តើមមេដាយ ជូនជាតិ។ ក្នុងនោះសហព័ន្ធត្រៀម កីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាង១០នាក់ សម្រាប់ចូលរួមជាមួយ ក្រុមជម្រើសជាតិ និងត្រៀម SEA GAMES 2021 ។
ប្រភេទកីឡាប្រដាល់ ឃីកបុកស៊ីងនេះគឺជាប្រភេទកីឡា មានប្រជាប្រិយភាពខ្លាំងគួរសម ដោយសារតែការប្រកួតកីឡា SEA GAMES 2017 និង២០១៩ កន្លងមកធ្លាប់ទទួលមេដាយ ជាច្រើនគ្រឿង ជូនប្រទេសជាតិ។ ចំពោះការប្រកួតកីឡា SEA GAMES 2021 នៅប្រទេសវៀតណាម និង SEA GAMES 2023 ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះក៏សង្ឃឹម ទទួលបានមេដាយជាច្រើនដូចគ្នា ។
លោកប្រធានបន្ត ថា សព្វថ្ងៃនេះធ្វើហ្វឹកហាត់ជាប្រចាំនៅក្លិបកីឡា កីឡាប្រដាល់ឃីកបុកស៊ីង នៅស្តាតចាស់ ដោយស្ថិតក្រោមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា មុនចូលហ្វឹកហាត់ត្រូវវាស់កម្តៅ បាញ់អាល់ កុល និងការរក្សាយគម្លាត ដោយការប្រុងប្រយ័ត្នជានិច្ច ។ នាពេលបច្ចុប្បន្នយើងមានគ្រូបង្វឹក៣នាក់ ដូច្នេះលោកកំពុងធ្វើលិខិត ស្នើសុំថែមគ្រូបង្វឹកម្នាក់ ទៀត គឺលោក សាន សៅយ៉ាន់ ជាអតីតកីឡាករជើងខ្លាំង ប្រដាល់គុនខ្មែរមួយរូប ។
ក្រសួងអប់រំ យុវជន និង កីឡា និងគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា ប្រកាសទទួលគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡា ប្រដាល់ឃីកបុកស៊ីង កម្ពុជា អាណត្តិទី១ ឆ្នាំ២០២០-២០២៤ យោងតាមសេចក្តីប្រកាស របស់ក្រសួង អប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2021 និង SEA GAMES 2023 ។
សម្រាប់អាណត្តិទី១ គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា មានចំនួន៩រូប គឺលោក ហេង សុខន ជាប្រធាន លោក ម៉ិល កាដូ លោក ប៉ែន ស៊ីនេត អនុប្រធាន លោកស្រី កែ ច័ន្ទមុនី អគ្គលេខាធិការ លោក ផែង វណ្ណៈ អគ្គលេខាធិការរង លោក តែម សុខវឌ្ឍនា អគ្គហេរញ្ញឹក លោក ម៉ន សុខុន លោក ស៊ិន ចាន់វិច្ឆិកា និងលោក ជ្រា សុភ័ក្ត្រជាសមាជិក ៕ដោយ៖លី ភីលីព