ខ្សែប្រយុទ្ធ AC Milan កីឡាករ Zlatan Ibrahimovic បានត្រលប់មកក្រុមជម្រើសជាតិស៊ុយអែតវិញហើយនៅក្នុងថ្ងៃនេះ នេះបើតាមការបង្ហោះរបស់បណ្ដាញសង្គមរបស់ Zlatan ផ្ទាល់ក៏ដូចជាទំព័ររបស់សហព័ន្ធបាល់ទាត់ជាតិស៊ុយអែត។
ខ្សែប្រយុទ្ធកម្ពស់ជិត ២ម៉ែត្របានបង្ហោះរូបពាក់អាវក្រុម ជម្រើសជាតិស៊ុយអែត កាលពីជំនាន់ UEFA Euro 2016 នៅលើបណ្ដាញសង្គម អមដោយក្លែមមួយឃ្លាថា៖ “ការត្រលប់មកវិញរបស់ព្រះ” រួច Mention ឈ្មោះទំព័រក្រុមជម្រើសជាតិស៊ុយអែត។
យ៉ាងណាមិញ មិនទាន់មានព័ត៌មានលម្អិតនូវដំណឹងនេះទេគិតត្រឹមម៉ោង ៧យប់នៅកម្ពុជា តែបើតាមអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កីឡាកររូបនេះអាចនឹងត្រៀមខ្លួន ដើម្បីលេង UEFA Euro នៅពាក់កណ្ដាលឆ្នាំ២០២១។
គួរបញ្ជាក់ផងដែរថា កីឡាករអាយុជិត ៤០រូបនេះ លេងនៅជម្រើសជាតិតាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៦ទើបឈប់ បានសេចក្ដីថាកីឡាកររូបនេះខានលេង ៥ឆ្នាំហើយតាំងពី Euro មក។
បើតាមស្ថិតិនៃការប្រកួតរបស់ Zlatan នៅរដូវកាលនេះ កីឡាកររូបនេះរកបាន ១៦គ្រាប់ក្នុង ២១ប្រកួតរបស់ក្លឹប AC Milan៕
ប្រភព៖sabay